(ភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិប្រកាសគាំទ្រ ទាំងស្រុង ចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា ។
នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេស រាជរដ្ឋាភិបាល មានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាព នៅគ្រប់កាលៈទេសៈ ។
ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោង នៃច្បាប់ ដោយពុំបានប៉ះពាល់ ដល់គោលការណ៍គ្រឹះ នៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើង នៅក្នុងប្រទេស កំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និង មាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ៕