(សេអ៊ូល)៖ កងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានបាញ់ព្រមាន បន្ទាប់ពីនាវាល្បាតរបស់កូរ៉េខាងជើង និងទូកនេសាទបានឆ្លងកាត់ព្រំដែនសមុទ្រកំពុងមានជម្លោះ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ នេះបើយោងតាមការឲ្យដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង បានថ្លែងប្រាប់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភានេះ។
មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា នាវាល្បាតពីរគ្រឿងរបស់កូរ៉េខាងជើង បានដកថយយ៉ាងលឿន ក្រោយពេលកងទ័ពជើងទឹកកូរ៉េខាងត្បូង បានបាញ់ព្រមាននៅម៉ោង ៧៖៣០នាទីព្រឹក។ នាវារបស់កូរ៉េខាងជើងបានឆ្លងកាត់ដែនបន្ទាត់ភាគខាងជើង (Northern Limit Line) ដែលជាទីមានជម្លោះ និងហាមឃាត់៕