(ឧត្តរមានជ័យ)៖ «ទេសចរណ៍ធម្មជាតិ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាមូលដ្ឋាន និងបានរួមចំណែក ក្នុងការអភិរក្សធនធានធម្មជាតិ ក៏ដូចជាជួយអភិវឌ្ឍសង្គមជាតិ»។ នេះជាការលើកឡើង របស់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «ភាពសម្បូរបែបនៃជីវិតសត្វស្លាបនៅតំបន់ការពារធម្មជាតិកម្ពុជា» នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានចាត់ទុកថាយុទ្ធនាការផ្សព្វផ្សាយសក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា ដែលយើងទាំងអស់គ្នាកំពុងនឹងធ្វើនាពេលនេះ ជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី រួមជាមួយស្មារតី សូមអ្នកទាំងអស់គ្នាចូលរួមបន្តអនុវត្តសកម្មភាពជាគំរូដ៏ល្អសម្រាប់ថែទាំបរិស្ថានរបស់យើងជាប្រចាំ។

ក្នុងឱកាសនេះដែរ លោក ខ្វៃ អាទិត្យា បានបន្ថែមថា យុទ្ធនាការផ្សព្វផ្សាយ សក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណង ទាក់ទាញដល់វិស័យទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ដោយរួមបញ្ចូលសកម្មភាពមើលសត្វស្លាប ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ ផ្សព្វផ្សាយពីសក្តានុពលសត្វស្លាបកម្ពុជា នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ដល់សាធារណជនតាមរយៈការរៀបការដាក់បង្ហាញរូបភាពនៅក្នុងកម្មវិធីបង្កើនចំណេះដឹងដល់សាធារណជន អំពីសារៈសំខាន់នៃសត្វស្លាប និងការងារអភិរក្សនៅកម្ពុជា។ ក្នុងនោះតាមរយៈការធ្វើបទបង្ហាញជាសាធារណៈពីអ្នកជំនាញសត្វស្លាប និងអ្នកអនុវត្តការងារផ្ទាល់ បណ្តុះទឹកចិត្តស្រឡាញ់ និងការចូលរួមពីសាធារណជន ជាពិសេសក្នុងស្រទាប់យុវជន កុមារា កុមារី ក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ និងសត្វស្លាបនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃសម្បត្តិធម្មជាតិដ៏អស្ចារ្យរបស់ប្រទេស និងផ្តល់អត្ថប្រយោជន៍ជាច្រើនលើផ្នែក បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លោក ខ្វៃ អាទិត្យា បានបន្ថែមថា ក្រសួងបរិស្ថានបានបង្កើនប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីកើនរហូតដល់៤១ភាគរយ នៃផ្ទៃដីទូទាំងប្រទេស និងធ្វើទំនើបកម្មនៃការគ្រប់គ្រងស្ថាប័ន និងធនធានធម្មជាតិ។ ប្រព័ន្ធតំបន់ការពារធម្មជាតិ ជាទីជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ ដែលក្នុងនោះរួមទាំងសត្វស្លាប ជាសមាសភាគមួយក្នុងចំណោមសមាសភាគផ្សេងទៀតនៃធនធានធម្មជាតិ ដែលមានសារៈសំខាន់ និងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធម្មជាតិ នៅប្រទេសកម្ពុជា។

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងបន្ថែមថា កម្ពុជាដែលជាប្រទេសសម្បូទៅដោយធនធានធម្មជាតិ និងប្រភេទសត្វស្លាបកម្រជាច្រើនគឺជាសក្តានុពលដល់វិស័យទេសចរណ៍ធម្មជាតិនៅអាស៊ី និងនៅលើសសកលលោក។ យោសៀវភៅ «សត្វស្លាបកម្ពុជា» អ្នកនិពន្ធបានកត់ត្រានូវប្រភេទសត្វស្លាបដែលមានវត្តមាននៅប្រទេសកម្ពុជាយើង រហូតដល់ ៦៤១ប្រភេទ ក្នុងនោះ៤២ប្រភេទកំពុងរងការគំរាមគំហែង និងជិតផុតពូជ។ តាមលទ្ធផលស្រាវជ្រាវក្នុងឆ្នាំ២០០៧ បានបង្ហាញថា ក្នុងខេត្តឧត្តរមានជ័យ មានសត្វស្លាបប្រមាណជា២៥៥ ប្រភេទ។ ដូច្នេះ ការរៀបចំកម្មវិធីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាប ក្នុងខេត្តឧត្តរមានជ័យ គឺមានសារៈសំខាន់បំផុតដល់សាធារណជន ក្នុងការជួយអភិរក្សសត្វស្លាបនៅកម្ពុជា ក៏ដូចជាសម្រាប់សកលលោកទាំងមូល។

សូមបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយសក្កានុពលនៃធនធានធម្មជាតិ និងសត្វស្លាបក្នុងប្រទេសកម្ពុជា ប្រារព្វធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះគឺជាកម្មវិធីលើកទី៣ហើយ ដែលក្រសួង បរិស្ថានបានរៀបចំឡើង។ មិនតែប៉ុណ្ណោះជារៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសជាច្រើនក្នុងសកលលោក និងបណ្តាប្រទេសនៅអាស៊ីមួយចំនួន គឺតែងតែរៀបចំកម្មវិធីសត្វស្លាបនេះឡើងក្នុងគោលដៅលើកកម្ពស់ចំណេះដឹង ការស្រឡាញ់ និងអភិរក្សសត្វស្លាប ថែមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍សត្វស្លាប និងធម្មជាតិដល់សាធារណជន៕