(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានទាំងចាស់ជរា និងជនពិការមានជីវភាពខ្វះខាត ចំនួន៥៥គ្រួសារ រស់នៅតាមបណ្ដាសង្កាត់ទាំង១០ ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំផ្ទាល់ដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាខណ្ឌ ជាមួយលោកស្រីភរិយា អាន ផល្លា។

សកម្មភាពសមធម៌របស់អនុសាខាកាកបាទក្រហមខណ្ឌទួលគោកនេះ ក៏មានការចូលរួមជាកិត្តិយសពីលោកស្រី ឧកញ៉ា វណ្ណ លុយ អនុប្រធានកិត្តិយសអនុសាខាខណ្ឌ, លោក កែវ សុភា ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ, ក្រុមការងារអនុសាខាខណ្ឌ និងក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់ផងដែរ។

លោក ជា ពិសី ក្នុងឱកាសផ្ដល់អំណោយមនុស្សធម៌នេះ បានលើកឡើងថា ដោយមានការយកចិតទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺសម្ដេចទាំងទ្វេរតែងតែបានណែនាំជានិច្ច ឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា គ្រប់ជាន់ថ្នាក់គិតគូរពីសុខទុករបស់ប្រជាពលរដ្ឋ ងាយរងគ្រោះនូវទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយនោះឡើយ។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក នាំយកមកចែកជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានទាំងចាស់ជរា និងជនពិការមានជីវភាពខ្វះខាត ចំនួន៥៥គ្រួសារ នាពេលនេះ ក្នុង១គ្រួសារៗទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ទឹកសុទ្ធ១កេស, មី១កេស, នំក្រៀម១ថង់, និងថវិកា ចំនួន៣០,០០០រៀល៕