(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំក្នុងកិច្ចប្រជុំបូកសរុប និងដកពិសោធន៍លទ្ធផល នៃការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំនូវការផ្តាំសួរសុខទុក្ខ និងកោតសរសើរ និងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត អាជ្ញាធរដែនដីសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធដែលបានបង្កបរិយាកាសល្អប្រសើរ និងខិតខំអនុវត្តនូវភារកិច្ច និងការទទួលខុសត្រូវធ្វើឲ្យដំណើរការនៃការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា យុត្តិធម៌ អព្យាក្រឹត និងជោគជ័យស្របតាមគោលការណ៍ច្បាប់ និងប្រជាធិបតេយ្យ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ដទៀតថា ជ័យជម្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ គឺកេីតចេញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង និងសាមគ្គី ភាពផ្ទៃក្នុងរបស់គណបក្សគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន ការកំណត់យុទ្ធសាស្រ្ត និងផែនការសកម្មភាពបានត្រឹមត្រូវ ពិសេសការធានាបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងភាពជោគជ័យលេីការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការកំណែទម្រង់ស៊ីជម្រៅលើកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ប្រមុខ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសំណូមពរដល់សមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវយកបទពិសោធន៍ លទ្ធផល និងទិសដៅការងារដែលបានដាក់ចេញនាពេលនេះទៅអនុវត្តឲ្យបានព្រមៗគ្នាប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានជោគជ័យ នៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ដោយខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព គណនេយ្យភាព។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតមានចំនួន២៧៤,២៨៦នាក់ ស្មើ៦៧,៦០%។ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង ១៩៤,៥៤៣ ស្មើ៧២,២៣% ទទួលបានអាសនៈ ៤២៩ ស្មើ៨០,៤៨% នៃចំនួនអាសនៈ សរុប៥៣៣ (មេឃុំ/ចៅសង្កាត់ ទទួលបាន ចំនួន៦៧ ស្មើ១០០%, ជំទប់ទីមួយ ៦០ ឃុំ/សង្កាត់ ជំទប់ទីពីរ ៧ឃុំ/សង្កាត់)៕