(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ និងសហជីព ដែលជាដៃគូសហប្រតិបត្តិការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សរុបចំនួន ៣៣០ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តទាំងស្រុងដោយរដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គ លើកទី៧ នីតិកាលទី៦ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានគូសបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធានាឱ្យប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងប្រព័ន្ធរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូននិងមានសង្គតិភាព ព្រមទាំងធានាឱ្យស្ថាប័នរដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងជៀសវាងការជាប់គាំងនយោបាយនៅគ្រប់កាលៈទេសៈ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ទន្ទឹមនឹងនេះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមទាំងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ និងសហជីព ដែលជាដៃគូសហប្រតិបត្តិការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលទាំងអស់ បានសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមាតុភូមិកម្ពុជាឱ្យមានសុខសន្តិភាពពេញលេញ និងការរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។