(ភ្នំពេញ)៖ លោក យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះសមានចិត្តរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលចូលរួមរំលែកទុក្ខចំពោះឧបាសិកា នាង សេង ជាម្ដាយក្មេករបស់លោក។

ក្នុងលិខិតថ្លែងអំណរគុណរបស់ លោក យុន ឈុន្នី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ និងគោរពសម្ដែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះសារលិខិតរំលែកមរណទុក្ខ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ របស់សម្តេចក្រឡាហោម ស ខេង ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះឧបាសិកា នាង សេង ត្រូវជាម្តាយក្មេក ម្តាយបង្កើត ជីដូន របស់ក្រុមគ្រួសារយើងខ្ញុំ ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២៣៖១៥នាទី ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

សារលិខិតរំលែកមរណទុក្ខរបស់ សម្ដេចក្រឡាហោម និងលោកជំទាវ គឺបានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះក្រុមគ្រួសារខ្ញុំបាទរហូតមក ដែលធ្វើឲ្យយើងខ្ញុំមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លា របស់សម្ដេចក្រឡាហោម បានឡើយ។

ខ្ញុំបាទសូមគោរពជូនពរ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្ដេចក្រឡាហោម និងលោកជំទាវ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។

ជាមួយគ្នានេះ លោក យុន ឈុន្នី ក៏បានថ្លែងអំណរគុណដល់ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការ, អគ្គនាយក, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងញាតិ មិត្តជិតឆ្ងាយទាំងអស់ ចំពោះការចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក៕