(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួន ចំពោះវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក ចិន និងរុស្ស៉ី ដែលនឹងដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អ៊ែនថូនី ប្លីងខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន និងលោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៉ី នឹងដឹកនាំគណៈប្រតិភូមកចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះដែរ ក្នុងចំណោមគណៈប្រទេសដទៃទៀត ទាំង ៣៨ប្រទេស និងគណៈប្រតិភូអគ្គលេខាធិការអាស៊ាន។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖

* កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
* ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស
* រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥
* សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣
* កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១២
* កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោក គិន ភា យល់ឃើញថា វត្តមានរបស់រដ្ឋមន្ត្រីការបរទេសទាំងនេះ គឺបង្ហាញថា ពួកគេផ្តោតសារៈសំខាន់ចំពោះអាស៊ាន ហើយវាជាឱកាសដែលប្រទេសទាំងនេះ អាចលើកបញ្ហាសំខាន់ៗ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ខ្លួន នៅក្នុងកិច្ចប្រជុំនេះផងដែរ។

ពាក់ព័ន្ធនឹងកម្ពុជាវិញ លោកបណ្ឌិត គិន ភា បានបន្ថែមថា តិចឬច្រើន សហរដ្ឋអាមេរិក ចិន និងរុស្ស៉ី ពិតជាផ្តល់តម្លៃអាស៊ាន និងផ្តល់តម្លៃដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ពីព្រោះវត្តមានរដ្ឋមន្ត្រីការបរទេសទាំងនេះ បានធ្វើឲ្យគុណតម្លៃនៃការរៀបចំរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានកាន់តែត្រូវបានទទួលស្គាល់ ហើយក៏ធ្វើឲ្យឃើញនូវតួនាទីរបស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងពិភពលោកផងដែរ។

«សរុបជារួមទៅ កម្ពុជាទាំងអាស៊ានទាំងមូល ខ្ញុំគិតថា វត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក និងវត្តមានរដ្ឋមន្ត្រីការបរទេស ដៃគូសន្ទនាអាស៊ានដទៃទៀតនេះ គឺវារំលេចឲ្យឃើញតម្លៃ និងសារៈសំខាន់របស់អាស៊ាន និយាយជារួមតម្លៃ និងសារៈសំខាន់របស់កម្ពុជា និយាយដោយឡែក»។ នេះបើតាមបណ្ឌិត គិន ភា។

លោកក៏បានជំរុញឲ្យកម្ពុជា ត្រៀមខ្លួនផងដែរចំពោះបញ្ហាមួយចំនួន ដែលអាចបង្កឡើងដោយមហាអំណាច ក្នុងកិច្ចប្រជុំនេះ ដោយបញ្ជាក់យ៉ាងដូច្នេះ «ក៏ប៉ុន្តែ ជាទូទៅយើងត្រូវចាំថា ប្រទេសមហាអំណាច គេតែងតែមកជាមួយនឹងរបៀបវារៈរបស់គេ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង ហើយជួនកាលជាមួយរបៀវារៈគាត់ផ្ទាល់ ក៏អាចធ្វើឲ្យកិច្ចប្រជុំមានភាពក្តៅ ហើយអាចនឹងមានការលំបាកក្នុងការចេញសេចក្តីប្រកាសរួម ឬសេចក្តីថ្លែងការណ៍រួម ពាក់ព័ន្ធនឹងលទ្ធផលកិច្ចប្រជុំក៏មានដែរ ដែលនេះយើងត្រូវគិតទុកជាមុន»

លោកបណ្ឌិត គិន ភា បានចាប់រម្មណ៍ខ្លាំងផងដែរ ចំពោះវត្តមានរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលនឹងមកកម្ពុជាឆាប់ៗនេះ ខណៈឆ្នាំមុនលោកបានអវត្តមាន ក្នុងកិច្ចប្រជុំដ៏សំខាន់បែបនេះ នៅប្រទេសព្រុយណេ។ កាលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានរង់ចាំអស់រយៈពេល ៤៥នាទី មុនបញ្ជាក់ថា លោកមិនបានចូលរួមប្រជុំតាមរយៈអនឡាញឡើយ ដោយសារបញ្ហាអ៉ីនធើណិត។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ឆ្នាំនេះ បើសហរដ្ឋអាមេរិក មិនមកក្នុងឱកាសនេះ ហាក់បីដូចជាសហរដ្ឋអាមេរិក ផ្តល់វេទិកា ឬផ្តល់ទីលាន ឲ្យមហាអំណាចផ្សេងទៀត ដែលជាដៃគូរបស់អាស៊ាន ប្រើប្រាស់តែម្នាក់ឯង ជាពិសេសចិន និងរុស្ស៉ី អាចនឹងប្រើប្រាស់វេទិកានេះ ដើម្បីការពាររបៀបវារៈរបស់ខ្លួន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមើលទៅ បញ្ហាសំខាន់ៗដែលសហរដ្ឋអាមេរិកអាចនឹងលើក គឺពាក់ព័ន្ធនឹងវិបត្តិនៃសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ ក៏ដូចជាបញ្ហាមីយ៉ាន់ម៉ា និងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៉ីហ្វិក។ សហរដ្ឋអាមេរិក ក៏អាចប្រើប្រាស់ឱកាស ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាស៊ាន ហើយនឹងព្យាយាមដើរតួជាឆ័ត្រសន្តិសុខ សម្រាប់ប្រទេសនៅអាស៉ីអាគ្នេយ៍ ដែលសមាជិកអាស៊ានប្រកាសធិបតេយ្យនៅសមុទ្រចិនខាងត្បូង ពីព្រោះបញ្ហាសមុទ្រចិនខាងត្បូងបានធ្វើឲ្យសហរដ្ឋអាមេរិក បានភ្ជាប់ខ្លួនយ៉ាងស៉ីជម្រៅ ជាមួយនឹងអាស៊ាន ជាមួយនឹងតំបន់អាស៉ីអាគ្នេយ៍របស់យើង»

លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ គឺរង់ចាំតែបណ្តាគណៈប្រតិភូមកចូលរួមប៉ុណ្ណោះ។

សូមជម្រាបថា AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕

antony blinken

wang yi

sergey lavrov