(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងអះអាងថា ដើម្បីស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា លោក កឹម សុខា គួរតែសហការនិងប្រគល់ខ្លួនឲ្យមកដែនសមត្ថកិច្ច ដែលកំពុងអនុវត្តភារកិច្ចនេះ ដើម្បីស្របតាមសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានជំនឿលើនីតិរដ្ឋ។
លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងច្បាស់ថា មានតែក្រុមល្មើសច្បាប់ប៉ុណ្ណោះ ដែលប្រឆាំងនីតិរដ្ឋ និងស្ថាប័នតុលាការ។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ៗថា ចំពោះករណីរបស់លោក កឹម សុខា ជាបទល្មើសដែលបានចែងក្នុងមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា ហើយនេះជាករណីរបស់ជន មិនគោរពច្បាប់ប្រឆាំងនឹងអំណាចនៃស្ថាប័នតុលាការ។ អ្វីដែលស្ថានទូតអាមេរិកលើកឡើង គឺមិនត្រឹមត្រូវនោះទេ ករណីនេះជាទំនាស់រវាងបុគ្គល កឹម សុខា និងស្ថាប័នតុលាការតែប៉ុណ្ណោះ ហើយបញ្ហាដែលកើតឡើងនេះ ដោយសារបុគ្គលមិនបានគោរព តាមច្បាប់របស់ស្ថាប័នតុលាការ។
សូមជំរាបថា នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថានទូតសហរដ្ឋអាមរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យរាជរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ ជួបសន្ទនានិងពិភាក្សាគ្នា ដើម្បីដោះស្រាយស្ថានភាពដោយសន្តិវិធិ។
សេចក្តីថ្លែងការណ៍របស់ ស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឡើង ខណៈដែលសមត្ថកិច្ចឆែកឆេររថយន្ត លោក កឹម សុខា ហើយឡោមព័ទ្ធទីស្នាក់ការ របស់គណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម នារសៀលថ្ងៃព្រហស្បត្តិ៍នេះ។ ស្ថានទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីព្រឹត្តិការណ៍ចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា។
មាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌបានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»៕