(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ដោយឆ្លើយតបនឹងការលើកឡើងរបស់ស្ថានទូតអាមេរិកថា «រាជរដ្ឋាភិបាលសម្តែងការសោកស្តាយ ចំពោះអ្វីដែលស្ថានទូតអាមេរិកលើក ឡើងដែលធ្វើឲ្យមានការយល់ច្រឡំ និងយល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងមានជម្លោះជាមួយគណបក្សសង្គ្រោះជាតិ»។
លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ៗថា ចំពោះករណីរបស់លោក កឹម សុខា ជាបទល្មើសដែលបានចែងក្នុងមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជា ហើយនេះជាករណីរបស់ជន មិនគោរពច្បាប់ប្រឆាំងនឹងអំណាចនៃស្ថាប័នតុលាការ។ អ្វីដែលស្ថានទូតអាមេរិកលើកឡើង គឺមិនត្រឹមត្រូវនោះទេ ករណីនេះជាទំនាស់រវាងបុគ្គល កឹម សុខា និងស្ថាប័នតុលាការតែប៉ុណ្ណោះ ហើយបញ្ហាដែលកើតឡើងនេះ ដោយសារបុគ្គលមិនបានគោរព តាមច្បាប់របស់ស្ថាប័នតុលាការ។
ចំពោះស្ថានទូតសហរដ្ឋអាមេរិក លើកឡើងថា រាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងហួសលើសលប់ប្រឆាំងជាមួយលោក កឹម សុខា ជាការចោទប្រកាន់មួយដែលមិនអាចទទួលយកបាន។ ហើយការប្រើប្រាស់កម្លាំងនេះដើម្បីឆ្លើយតប ក្នុងការគ្រប់គ្រងស្ថានភាពឲ្យបាន និងទប់ទល់នឹងអ្វីដែលអាចកើតឡើងជាយថាហេតុ។
មាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌបានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
នៅព្រលប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថានទូតសហរដ្ឋអាមរិកប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ ជួបសន្ទនានិងពិភាក្សាគ្នា ដើម្បីដោះស្រាយស្ថានភាពដោយសន្តិវិធិ។
សេចក្តីថ្លែងការណ៍របស់ ស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឡើង ខណៈដែលសមត្ថកិច្ចឆែកឆេររថយន្ត លោក កឹម សុខា ហើយឡោមព័ទ្ធទីស្នាក់ការ របស់គណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម នារសៀលថ្ងៃព្រហស្បត្តិ៍នេះ។ ស្ថានទូតសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីព្រឹត្តិការណ៍ចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា។
ស្ថានទូតបានបន្ថែមថា «យើងបានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការប្រើប្រាស់កម្លាំង និងជម្រុញឱ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិ ដើម្បីបន្តនិងការសន្ទនាជាបន្ទាន់ដើម្បីស្វែងរក ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ»៕