(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះថា «គិតត្រឹមវេលាម៉ោង៨៖០០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងទីស្នាក់ការគណបក្សនៅឡើយទេ គឺមិនទាន់ចេញទៅណាឡើយ»។
មន្រ្តីរូបនេះ ក៏មិនហ៊ានទាន់ដឹងច្បាស់ថា តើលោក កឹម សុខា នឹងត្រូវចាប់ខ្លួន ឬមួយយ៉ាងណានោះទេ ដោយរង់ចាំតាមដានសភាពការណ៍តទៅទៀត។ នៅល្ងាចមិញនេះ លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា គណបក្សសង្គ្រោះជាតិ មិនទាន់មានប្រតិកម្មអ្វីនោះទេ គឺនៅរក្សាស្ថានភាពស្ងៀមស្ងាត់ មិនដូចព័ត៌មានលើកឡើងថា CNRP បានធ្វើលិខិត អន្តរាគមន៍ទៅសម្តេចក្រឡាហោម, លោក កឹម សុខា ប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ និងព័ត៌មានអំពីការផ្ទេរការគ្រប់គ្រងឲ្យលោក ប៉ុល ហំម ដឹកនាំគណបក្ស។
សូមជំរាបថា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា «កម្លាំងសមត្ថកិច្ចបានឃាត់ រថយន្តរបស់លោក កឹម សុខា នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ»។ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ៕