(ភ្នំពេញ)៖ ការបញ្ឈប់ជនពិការមិនឲ្យច្រៀងនៅតាមកែងផ្លូវត្រង់ចំណុចស្តុបនានាក្នុងរាជធានីភ្នំពេញ ពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ ក៏ ដូចជាអ្នកពាក់ព័ន្ធ បាននាំឲ្យមានមតិលើកឡើងខុសៗគ្នា និងមានមតិខ្លះរិះគន់លើអាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។ ក្រុមអ្នករិះគន់ បានហៅការបញ្ឈប់នេះ ប្រៀបដូចជាការផ្កាប់ឆ្នាំងបាយជនពិការ តែអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា វិញ បានលើកឡើងថា ការគាំទ្រឲ្យជនពិការប្រគំតន្រ្តីនៅតាមភ្លើងស្តុប មិនមែនជាធម្យោបាយប្រកបដោយភាពល្អប្រសើរ សម្រាប់ដោះស្រាយជីវភាពជនពិការនោះឡើយ តែការគាំទ្រសកម្មភាពបែបនេះ ប្រៀបដូចជាការជំរុញឲ្យជនពិការក្លាយខ្លួនជាអ្នកសុំទាន ទាំងមិនដឹងខ្លួន។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីការកសាងផែនការសកម្មភាព ដល់សមាជិកក្រុមការងារសកម្មភាពជនពិការតាមក្រសួង ស្ថាប័ននាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦នេះ អគ្គលេខាធិការវ័យក្មេង របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថា ក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស បានខិតខំ និង យកចិត្តទុកដាក់ខ្លាំងក្នុងការលើកកម្ពស់សិទ្ធិ ក៏ ដូចជាជីវភាពរបស់ជនពិការ តាមរយៈជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ តែមិនគាំទ្រឲ្យមានការប្រគំតន្រ្តីតាមភ្លើងស្តុបឡើយ។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា «ការប្រគំតន្រ្តីរបស់ជនពិការនៅតាមភ្លើងស្តុប មិនមែនជាជម្រើស ដ៏ស័ក្តិសមសម្រាប់រក្សានូវស្ថេរភាព ជីវិត និងជីវភាពរបស់បងប្អូនជនពិការនោះឡើយ។ ការផ្តល់លុយពីអ្នកដំណើរមិនមែនជាការផ្តល់លុយ ដោយមើលឃើញពីសមត្ថភាពរបស់ ជនពិការនោះទេ តែផ្ទុយទៅវិញ ការផ្តល់ថវិកានេះ ក៏ព្រោះតែក្តីអាណិត។ ដូច្នេះការគាំទ្របងប្អូនជនពិការច្រៀងនៅតាមភ្លើងស្តុប មិនខុសពី ការសុំទាននោះទេ»។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា តាមរយ:អនុសញ្ញាស្តីពីសិទិ្ធជនពិការរបស់អង្គការសហប្រជាជាតិ ដែលកម្ពុជា បានផ្តល់សច្ចាប័នកាល ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និង ចូលជាធរមានសម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ មិនបានលើកទឹកចិត្តឲ្យ ជនពិការធ្វើបែបនេះឡើយ។ ដើម្បីដោះស្រាយបញ្ហា និង សម្រួលជីវភាពរបស់ជនពិការ លោក ឯម ច័ន្ទមករា បានឲ្យដឹងថា លោកកំពុងស្នើ សុំបណ្តាស្ថានីយវិទ្យុ ទូរទស្សន៍ ឲ្យផ្តល់ឱកាសជនពិការបានឡើងច្រៀង ក៏ដូចជាបានបម្រើការងារតាមជំនាញរបស់ពួកគេ។
ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បាននិងកំពុងស្នើភោជនីយដ្ឋាន ក្រុមហ៊ុនឯកជននានា ឲ្យទទួលជនពិការចូលបម្រើការងារឲ្យបានគ្រប់ គ្រាន់តាមច្បាប់កំណត់។ នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក ឯម ច័ន្ទមករា។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកមិញនេះ លោក ឯម ច័ន្ទមករា ក៏បានបង្ហាញប្រតិកម្មជាមួយនាយកប្រតិបត្តិអង្គការមួយ ដែលបាន ចោទប្រកាន់រាជរដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់លើជនពិការ។
លោក ឯម ច័ន្ទមករា មិនបានបញ្ចេញឈ្មោះនាយកប្រតិបត្តិអង្គការមួយនេះឡើយ។ តែគេបានដឹងថា នាយកប្រតិបត្តិ ដែលលោក ឯម ច័ន្ទ មករា សំដៅដល់នោះ គឺលោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ នៃអង្គការជនពិការកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍មួយ លោក ងិន សៅរ័ត្ន បានរិះគន់ធ្ងន់ៗទៅលើរាជរដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ទៅលើជនពិការ។
លោក ឯម ច័ន្ទមករា បានចាត់ទុកការលើកឡើងនេះ គឺជាការប្រឹងស្រែក ដើម្បីទទួលបានជំនួយពីបរទេស តែមិនមែនជាការស្រែក ដើម្បី ស្ថាបនារាជរដ្ឋាភិបាលនោះឡើយ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងខ្លាំងលើការងារពិការភាព។ លោក ឯម ច័ន្ទមករា បានចាត់ទុកការលើកឡើងនេះថា ជាការប្រឹងធ្វើមិនឃើញនូវកិច្ចខិតខំ និង វឌ្ឍនភាពរបស់ជនពិការនៅកម្ពុជា។
ឆ្លើយតបការរិះគន់របស់លោក ងិន សៅរ័ត្ន ពីការព្រងើយកន្តើយក្នុងការជ្រើសរើសជនពិការចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជននោះ លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា បច្ចុប្បន្នមានក្រសួង ស្ថាប័នរដ្ឋជាច្រើនហើយ បានជ្រើសរើសជនពិការចូលបម្រើការងារ ហើយរាល់ ដំណឹងជ្រើសរើសអ្នកចូលបម្រើការងារ គ្រប់ក្រសួងស្ថាប័ន តែងបញ្ជាក់ពីការផ្តល់អាទិភាពខ្ពស់សម្រាប់ជនពិការ។ ដោយឡែកស្ថាប័នឯក ជន ត្រូវបានលោក ឯម ច័ន្ទមករា ទទួលស្គាល់ថា ការជ្រើសរើសជនពិការចូលបម្រើការងារ គឺនៅមានកម្រិត តែក្រុមប្រឹក្សាសកម្មភាពជន ពិការ នឹងខិតខំជំរុញបន្ថែមឲ្យពួកគេគោរពតាមច្បាប់ស្តីពីជនពិការ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស លោក វង សូត្រ ជាប្រធាន និង មាន លោក ឯម ច័ន្ទមករា ជាអគ្គលេខាធិការ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការលើកកម្ពស់សិទ្ធិ និង ជីវភាពរបស់ជនពិការ។ ក្នុងនោះផែនការ សកម្មភាពរបស់ជនពិការ ត្រូវបានផ្សព្វផ្សាយទៅកាន់បណ្តាក្រសួង និង ខេត្តចំនួន ១៨រួចហើយ ហើយតាមក្រសួង និងបណ្តាខេត្ត ក៏មាន ក្រុមការងារពិការភាពរង់ចាំដោះស្រាយបញ្ហាជូនជនពិការផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា សិទ្ធិរបស់ជនពិការហាក់មានការទទួលស្គាល់ច្រើនពីសាធារណជន ហើយការ រើសអើងលើជនពិការ ក៏បានកាត់បន្ថយផងដែរ បន្ទាប់ពីមានសារអប់រំ និង ការធ្វើសកម្មភាពផ្សេងៗ ត្រូវបានធ្វើឡើង ដើម្បីបញ្ជ្រៀបការ យល់ដឹងអំពីសិទ្ធិ និង តម្លៃរបស់ជនពិការ៕