(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង រដ្ឋសភាព-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។

នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឲ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។

ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ៕