(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន និងកំាភ្លើងកែឆ្នៃ២ដើម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចមុខវត្តកោះចេក ស្ថិតក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងទៀតថា នៅក្នុងករណីនេះបានឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ រួមមានទី១៖ ឈ្មោះ ផា ឌុល អាយុ៣៧ឆ្នាំ, ទី២៖ ឈ្មោះភិន សារ៉េត អាយុ២៧ឆ្នាំ, ទី៣៖ ឈ្មោះ និន សាម៉េត អាយុ២៤ឆ្នាំ, ទី៤៖ ឈ្មោះ អោក ឆុនី អាយុ២៤ឆ្នាំ, ទី៥៖ ឈ្មោះ ញឹម វីរ៉ាត់ អាយុ២៨ឆ្នាំ, ទី៦៖ ឈ្មោះ ឡេ វ៉ាំងតាំ អាយុ២២ឆ្នាំ និងទី៧៖ ឈ្មោះ ឆក សុខណា អាយុ១៨ឆ្នាំ។

ចំណែកវត្ថុតាងរួមមាន ថ្នាំញៀន១០កញ្ចប់ (ញ៉ុះញង់មួយកញ្ចប់), ឧបករណ៍ជក់ថ្នាំមួយចំនួន, ម៉ូតូ១គ្រឿង, ទូក និងម៉ាស៊ីន៣គ្រឿង, ទូរស័ព្ទដៃ ចំនួន៧គ្រឿង, ជញ្ជីងថ្នាំញៀន១ គ្រឿង, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ដែកកេះ៤, កន្រ្តៃ១, ឧបករណ៍ឆក់២គ្រឿង, អាគុយ៤គ្រឿង និងកាំភ្លើងកែឆ្នៃ២ដើម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕