(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅការិយាល័យគយ និងរដ្ឋាករត្នោត ក្នុងឃុំកក់ ស្រុកពញាក្រែក និងនៅការិយាល័យគយ និងរដ្ឋាករដា ក្នុងឃុំដារ ស្រុកមេមត់ ព្រមទាំងបន្តពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ថានីយ៍ស្គែនខេត្តត្បូងឃ្មុំ ក៏ដូចជាពិនិត្យការងារ នៅការិយាល័យគយនិងរដ្ឋាករចាន់មូល ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក នី ចាន់ធី ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ព្រមទាំងកងកម្លាំងទាំងបី ប្រធានមន្ទីរពាក់ព័ន្ធ ប្រធានសាខាគយ និងរដ្ឋាករតាមច្រកព្រំដែន និងមន្ត្រីពាក់ព័ន្ធ។

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញដល់សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងមន្ត្រីគយទាំងអស់ត្រូវខិតខំបំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងគ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឲ្យការប្រមូលពន្ធជូនរដ្ឋតាមគ្រប់ផែនការ ក៏ដូចជាលើសផែនការ ដែលធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕