(កណ្ដាល)៖ ក្រុមចោរប្លន់ទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីពេលកន្លងទៅនេះ ត្រូវតុលាការខេត្តកណ្ដាល ចោទប្រកាន់ចំនួន៣បទល្មើស និងសម្រេចឃុំខ្លួនដាក់ពន្ធនាគាររ។ នេះបើតាមការឲ្យដឹងពី លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក សូ សារិន បានបញ្ជាក់ទៀតថា សំណុំរឿងនេះត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមានទី១៖ បទល្មើស កំហែងយកមានស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់អាវុធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចោទប្រកាន់ទៅលើឈ្មោះ ធឿន លីន, ទី២៖ បទល្មើស លួចមានស្ថានទម្ងន់ទោស ចោទប្រកាន់ទៅលើឈ្មោះ បុរី គីមហំ និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និងទី៣៖ បទល្មើសលួច មានស្ថានទម្ងន់ទោស ចោទប្រកាន់ទៅលើឈ្មោះ ខុន សឹងហាក់ និងឈ្មោះ នី សុខឡៃ។
សូមរំលឹកថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស (ធាក់វ៉ៃប្លន់យកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ (នៅស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ)។ សកម្មភាពចុងក្រោយធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយ និងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និងជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនទាំង៥នាក់នេះ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល៕