(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា (គ.អ.ស.ស.) នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅគោលការប្រតិបត្តិស្តង់ដារ ស្តីពីការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានចំណោះដឹងទូទៅ ដែលបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធានលេខាធិការដ្ឋាន គ.អ.ស.ស. រួមទាំងប្រធាន អនុប្រធាន សមាជិក គ.អ.ស.ស ទូទាំងរាជធានី ខេត្តផងដែរ។

ថ្លែងនាឱកាសនោះលោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ដើម្បីលើកកម្ពស់នូវបរិស្ថានសិក្សា និងការលក់ដូរនៅតាមគ្រឹះស្ថានសិក្សា ជាពិសេសការលើកកម្ពស់អនាម័យទឹកស្អាត នៅតាមគ្រឹះស្ថានសិក្សាធ្វើយ៉ាងណា ឱ្យការសិក្សារបស់សិស្សកាន់តែល្អប្រសើរឡើង ក្រសួងអប់រំបានដាក់ចេញនូវផែនការសកម្មភាពថ្មីៗជាច្រើន ជាពិសេសផែនការ សកម្មភាពស្តីពីសុខភាពសិក្សាឆ្នាំ ២០២១-២០៣០នេះ ហើយការរៀបចំផែនការសកម្មភាពនេះ ដើម្បីលើកកម្ពស់សុខភាពសិក្សា និងពិនិត្យមើលនូវគោលនយោបាយ ក៏ដូចជាការអន្តរាគមពីភាគី ពាក់ព័ន្ធនានាដែលមាន ចរិតជាអន្តរវិស័យ ក៏ដូចជាការទាមទារនូវការសិក្សា នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសនៅតាមសាលារៀន រួមទាំងការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ស្របជាមួយនឹងការដាក់ឱ្យប្រើប្រាស់សៀវភៅគោលការប្រតិបត្តិស្តង់ដារ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍ «គោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សា សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ» ក្នុងគោលបំណងជំរុញការអនុវត្តកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ នៅតាមគ្រឹះស្ថានសិក្សាស្របតាមគោល
នយោបាយជាតិស្តីពីសុខភាពសិក្សា ជាពិសេសដើម្បីជាមគ្គុទ្ទេសក៍សម្រាប់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងអ្នកពាក់ព័ន្ធ សិក្សាស្វែងយល់ និងយកទៅអនុវត្តជាជំហានៗប្រកបដោយភាពច្នៃប្រឌិតដើម្បីប្រែក្លាយជា «គ្រឹះស្ថានសិក្សាលើកកម្ពស់សុខភាព»។

លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជួយគាំទ្រ ជាពិសេសក្នុងរយៈពេលកូវីដ១៩ ដែលក្រសួងបានរៀបចំជាស្តង់ដារ ប្រតិបត្តិមួយដែលអាចដាក់ ដំណើរការ នៅតាមគ្រឹះស្ថានសិក្សាបាន ដើម្បីពង្រឹងនូវសុវត្ថិភាពចំណីអាហារនៅតាមសាលារៀន។

លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមថា ក្រសួងក៏ធ្លាប់បានបណ្ដុះបណ្ដាលដល់លោកគ្រូ អ្នកគ្រូ និងបានបង្កើតឱ្យមានជាកន្លែងលក់ចំណីអាហារដែលមានស្តង់ដារ មានសុវត្ថិភាព កាត់បន្ថយចំណីអាហារដែលផ្អែមពេក ប្រៃពេក និងចំណីអាហារដែលមានជាតិខ្លាញ់ច្រើនពេក។ ហើយម្យ៉ាងវិញទៀត ក្រសួងក៏បានចូលរួមលើកកម្ពស់ការលាងដៃរបស់សិស្សានុសិស្សនៅតាមសាលារៀន និងការធ្វើអនាម័យនៅតាមសាលារៀនផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការដាក់ឱ្យប្រើប្រាស់សៀវភៅគោលការប្រតិបត្តិស្តង់ដារ ស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានចំណោះដឹងទូទៅ ក៏ដើម្បីជាការផ្តល់ឱកាសដល់សាលារៀន ទាំងអស់បានត្រៀមខ្លួន ដើម្បីបង្ការទាំងជំងឺកូវីដ១៩ផង ក៏ដូចជាការត្រៀមខ្លួនទៅនឹងវិបត្តិផ្សេងៗទៀតដែលអាចនឹងកើតមានឡើង ដែលអាចបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លងកាត់នូវវិបត្តិទាំងនោះផងដែរ។

សូមជម្រាបដែរថា «សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩៕