(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ព្រមទាំងអតីតយុទ្ធជនទូទាំងប្រទេស ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាបានពិនិត្យ និងអនុម័តរួចហើយនោះ។

យោងទៅតាមការបញ្ជាក់របស់ក្រុមប្រឹក្សាធម្មនុញ្ញ និងការបកស្រាយរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

យើងខ្ញុំបានមើលឃើញយ៉ាងច្បាស់ទៀតថា ការធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងដើម្បីការពារឧត្តមប្រយោជន៍ជាតិ ជាពិសេសបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។ កាន់តែពិសេសនោះ វិសោធនកម្មនេះ ធ្វើឡើងក្នុងឆន្ទៈ និងស្មារតីដ៏មុះមុតក្នុងការបញ្ចៀសការជាប់គាំងផ្នែកនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសង្គមជាតិ និងខាតប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

យើងខ្ញុំទាំងអស់គ្នាសូមប្រកាសយ៉ាងមហោឡារឹកគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញ ហើយសូមប្រកាសប្រឆាំងដាច់ខាតរាល់ចេតនាទុច្ចរិតទាំងឡាយ ដែលចង់រារាំងនូវដំណើរការធ្វើវិសោធនកម្មនេះ៕