(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមជំនួយការរបស់តំណាងប្រចាំ អាយឆា នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ដឹកនាំនិងសម្របសម្រួលដោយលោកស្រី ឡុង សូនីតា តំណាងរងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពីជំនួយការនៃតំណាងប្រចាំអាយឆា នៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋាន អាស៊ាន។

ជាកិច្ចចាប់ផ្ដើម លោកស្រី ឡុង សូនីតា ប្រធាននៃកិច្ចប្រជុំ បានសម្ដែងនូវគារវកិច្ច និងអំណរគុណចំពោះជំនួយការរបស់តំណាងអាយឆាទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំតាមការអញ្ជើញ។

បន្ទាប់មក កិច្ចប្រជុំនេះបានពិនិត្យពិភាក្សា និងកែសម្រួលទៅលើខ្លឹមសារនៃសេចក្ដីព្រាងរបាយការណ៍ចំនួន៤ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរបស់អាយឆា និងកិច្ចជំនួបនានា រវាងអាយឆាជាមួយភាគីពាក់ព័ន្ធនាពេលកន្លងមក។

កិច្ចប្រជុំក៏បានពិនិត្យទៅលើឯកសារចំនួន៣ សម្រាប់ត្រៀមកិច្ចជំនួបរវាងអាយឆា និងរដ្ឋមន្រ្តីការបរទេសអាស៊ាន រួមមាន៖

*ទី១៖ របាយការណ៍ប្រចាំឆ្នាំ២០២២ របស់អាយឆា
*ទី២៖ សេចក្ដីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្រ្តីការបរទេសអាស៊ាន
*ទី៣៖ កម្មវិធី /សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។

បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃឯកសារទស្សនទាន ស្ដីពីកម្មវិធីអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិសុខភាព ទឹកស្អាត សិទ្ធិជនជាតិដើមភាគតិច សិទ្ធិជនមានពិការភាព ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្ស និងអំពើហិង្សាប្រឆាំងនារីភេទនិងកុមារ ជាដើម។

ក្រោយពីការពិនិត្យ និងកែសម្រួលនៅក្នុងកិច្ចក្រុមជំនួយការនេះ ឯកសារទាំងអស់ខាងលើ នឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់អាយឆា ដើម្បីពិនិត្យ និងអនុម័ត។

ជាចុងក្រោយ ជំនួយការតំណាងប្រទេសអាស៊ានទាំងអស់ប្រចាំអាយឆា បានសម្ដែងនូវការកោតសរសើរ និងសាទរចំពោះតំណាងរងកម្ពុជា និងក្រុមការងារអាយឆា-កម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំនេះបានយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ៕