(ភ្នំពេញ)៖ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា «ក្នុងនាមសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ព្រោះថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺដើម្បីជាការបំពេញបន្ថែមនូវចំណុចខ្វះខាត នៃច្បាប់រដ្ឋធម្មនុញ្ញ និងដើម្បីបញ្ចប់នូវវិបត្តិនយោបាយក្រោយពេលបោះឆ្នោតនៅអាណត្តិក្រោយៗទៀត»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕