(ភ្នំពេញ)៖ គណៈចលនាមហាជន គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយ សំដៅបំពេញចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងការពារឲ្យបាននូវភាពមិនជាប់គាំង នៃស្ថាប័នរដ្ឋ ដំណើរការជាប្រក្រតី និងដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិ ដោយរលូនប្រកបដោយនិរន្តរភាពគ្រប់កាលៈទេសៈ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៕