(តាកែវ)៖ អភិបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តតាកែវ ឲ្យាមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូច មួយចំនួន ដែលកំពុងតែ ដើរអូសទាញប្រជាពលរដ្ឋ ឲ្យផ្តិតមេដៃយកស្នាមមេដៃ ក្នុងគោលបំណង យកទៅបំរើផលប្រយោជន៍ផ្សេងៗ របស់បុគ្គល និងគណបក្សរបស់ខ្លួន ក្រោមរូបភាពថា យកស្នាមមេដៃទាំងនោះ ទៅស្នើសុំជំនួយផ្សេងៗ ដើម្បីបំរើការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
យោងតាមសេចក្តីជូនដំណឹង របស់អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានជនឆ្លៀតឱកាសមួយចំនួន បាននឹងកំពុងតែដើរញុះញុង់ អូសទាញប្រជាពលរដ្ឋឲ្យផ្តិតយកស្នាមមេដៃ ក្នុងគោលបំណង យកទៅបម្រើផលប្រយោជន៍ផ្សេងៗរបស់បុគ្គល និងបក្សរបស់ខ្លួន។
ជនឆ្លៀតឱកាសទាំងអស់នោះ បានធ្វើសកម្មភាពក្នុងរូបភាពផ្សេងៗ ដើម្បីបោកបញ្ឆោត បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ ដោយសកម្មភាពខ្លះក្រោមលេសថា យកស្នាមមេដៃទៅស្នើសុំ អណ្តូងទឹក ជីកស្រះ ជីកត្រពាំង ឫស្នើសុំការឧបត្ថម្ភផ្សេងៗជូនបងប្អូន។
អភិបាលខេត្តតាកែវ បានអំពាវនាវដល់បងប្អូន កម្មករ និយោជិក និងប្រជាពលរដ្ឋទាំងអស់កុំឲ្យចូលរួមផ្តិតមេដៃ ជាមួយក្រុមខិលខូចខាងលើ ឲ្យសោះដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួន រឺអាចឈានទៅដល់ការប្រឈមនឹងផ្លូវច្បាប់ជាដើម។
លោកបានបន្តថា បើឃើញមានសកម្មភាពរបស់ជនខាងលើនេះ សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ ឲ្យបានទាន់ ពេលវេលា៕