(គូឡាឡាំពួរ-ម៉ាឡេស៉ី)៖ នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានទទួលគ្រឿងឥស្សរិយយសជាឥស្សរជនឆ្នើម (Tokoh Ma'al Hijrah) ប្រចាំឆ្នាំ១៤៤៤ ម.ស ២០២២គ.ស ព្រះរាជប្រទានដោយព្រះអង្គម្ចាស់ Al-Sultan Abdullah Ri'ayatuddin ព្រះមហាក្សត្រទី១៦ម៉ាឡេស៊ី។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពពី Dato' Seri Ismail Sebri Yakop នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Datuk Haji Idres Ahmad រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនា និងបណ្តារដ្ឋមន្ត្រីម៉ាឡេស៊ីច្រើនរូបនៅ Masjid Wilayah Persekutuan ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សម្រាប់ការផ្ដល់ជូនឥស្សរិយយសចំពោះ ឥស្សរជនឆ្នើម (Tokoh Ma'al Hijrah) ជារៀងរាល់ឆ្នាំក្នុងឱកាសចូលឆ្នាំថ្មីឥស្លាម ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី តែងតែបានសព្វព្រះរាជហឫទ័យជ្រើសរើសចេញពីឥស្សរជនដ៏ឆ្នើមមុស្លិម ចំនួន២រូបប៉ុណ្ណោះ លើពិភពលោក ដោយមួយរូបជាឥស្សរជនក្នុងប្រទេស និងមួយរូបទៀតជាឥស្សរជនបរទេស (អន្តរជាតិ)។

សូមរំលឹកថា នៅឆ្នាំ២០១៩ ព្រះមហាក្សត្រម៉ាឡេស៊ី សព្វព្រះរាជហឫទ័យប្រទានដល់ឥស្សរជន ប្រទេសអារ៉ាប់រួមអេម៉េរ៉ាត, ឆ្នាំ២០២០ ប្រទានដល់ឥស្សរជនប្រទេស អេហ្ស៊ីប ដែលជាអតីតរដ្ឋមន្ត្រី ក្រសួងសាសនា និងនៅឆ្នាំ២០២១ កន្លងទៅនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យជូនទៅ Shiekh Dr. Muhammad Bin Abdulkarim Al-Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម និងជាទីប្រឹក្សាព្រះមហាក្សត្រព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕