(ពោធិ៍សាត់)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចាត់ឲ្យលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ AquaSan នៅអនុវិទ្យាល័យ ព្រះសីហនុក្រគរ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងពិធីនេះ ក៏មានការចូលរួមពី កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកប្រចាំប្រទេសផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាពរបស់ក្រុមហ៊ុន កូកាកូឡាកម្ពុជា, លោក ណារ៉ា ចម្រើន នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តពោធិ៍សាត់ និងស្រុកក្រគរ និងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាសរុបប្រមាណជិត៤០០នាក់។

ថ្លែងក្នុងឱកាសនេះ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ បានបញ្ជាក់ថា នេះជាប៉មចម្រោះទឹកស្អាត Aqua Tower ទី៤០ហើយ ដែលក្រុមហ៊ុនកូកាកូឡា ក្រោមកិច្ចសហការជាមួយមូលនិធិ Planet Water បានសាងសង់ឡើងក្នុងគោលបំណង ផ្តល់លទ្ធភាពផ្តល់នូវទឹកស្អាត និងសុវត្ថិភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅតំបន់ជុំវិញបានប្រើប្រាស់។

ខេត្តពោធិ៍សាត់នេះ ក៏ជាខេត្តទី២៤ ដែលក្រុមហ៊ុនបានផ្តល់ជូនដែរបន្ទាប់ពីក្រុមការងារជំនាញ Planet Water បានធ្វើការសិក្សាទៅលើទីតាំង និងស្ថានភាពភូមិសាស្រ្តសម្រាប់សាងសង់រួចមក។

ជាមួយគ្នានេះ លោក ហេង សុខគង់ ក្នុងនាមលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំក្បាលត្រាចទាំងមូលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុនកូកាកូឡាកម្ពុជា និង Planet Water ដែលបានចំណាយនូវធនធានថវិកាសម្រាប់សាងសង់ប៉មចម្រោះទឹកស្អាត Aqua Tower និងម៉ាស៊ីនអនាម័យ AquaSan នៅអនុវិទ្យាល័យ ព្រះសីហនុក្រគរនេះឡើង។

លោកបានបន្ថែមទៀតថា ប៉មចម្រោះទឹកស្អាតមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែក លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនតាមរយ:ការផលិតជូននូវទឹកស្អាត និងដែលមានសុវត្ថិភាពមួយម៉ោងបានមួយពាន់លីត្រដែលអាចចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជុំវិញសាលារៀននេះអាចប្រើប្រាស់បានគ្រប់គ្រាន់ ដែលមិនព្រួយបារម្ភពីការប្រើប្រាស់ទឹកមិនស្អាត ឬទឹកអណ្តូងដែលមានសារធាតុគ្រោះថ្នាក់មួយចំនួនដែលអាចបង្កជាជំងឺ ឬហានិភ័យដល់សុខភាពបងប្អូន។

បន្ថែមពីនេះ ក៏បានជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រដោយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សពុំចាំបាច់ទិញទឹកសុទ្ធសម្រាប់មកញ៉ាំដូចមុនទៀតទេ ដោយគ្រាន់តែយកដបមកដាក់ទឹកសម្រាប់ទទួលទាន ហើយអាចយកទឹកត្រឡប់ទៅផ្ទះវិញបានទៀតផង និងលើកកម្ពស់គុណភាពអប់រំ ដោយសិស្សានុសិស្សមានពេលវេលាគ្រប់គ្រាន់មិនចាំបាច់ទៅរកទឹកនៅទីឆ្ងាយយកមកប្រើប្រាស់ និងទទួលទានទៀត។

លោកបានអះអាងថា ក្នុងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថាឆ្នាំ២០២៥ ទីប្រជុំជនទាំងអស់ត្រូវមានទឹកស្អាតប្រើប្រាស់ និងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហវត្សរបស់អង្គការសហប្រជាជាតិដែលកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋទាំងអស់នឹងត្រូវមានទឹកស្អាតប្រើប្រាស់ (Access to safe and affordable drinking water)។

នៅចុងបញ្ចប់ លោក ហេង សុខគង់ ក៏បានចែកជូននូវអំណោយរបស់លោក ហ៊ុន ម៉ានី ជូនលោកគ្រូ អ្នកគ្រូទាំង៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល សិស្សានុសិស្ស២៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅសរសេរ២ក្បាល ប៊ិច២ដើម និងថវិកា៥ពាន់រៀល។ ជាទីបញ្ចប់គណៈអធិបតី និងអ្នកចូលរួមក្នុងអង្គពិធីទាំងមូលក៏បានដាំដើមឈើជាអនុស្សាវរីយ៍នៅក្នុងអនុវិទ្យាល័យ ព្រះសីហនុក្រគរផងដែរ៕