(ឧត្តមានជ័យ)៖ គ្រោះថ្នាក់ចរាចរណ៍២លើក ក្នុងថ្ងៃតែមួយ ស្លាប់មនុស្ស៣នាក់ និងរបួសធ្ងន់ម្នាក់ នៅខេត្តឧត្តរមានជ័យ។
ករណីទី១ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ១៧៤ ចំណុចមុខហាងអាហារដ្ឋាន តាគីមខ្យងអាំង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លងវែង។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូ និងម៉ូតូបណ្តាលឲ្យស្លាប់១នាក់ របួសធ្ងន់២នាក់ និងខូចខាតម៉ូតូ២គ្រឿង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។
ករណីទី២ លើកំណាត់ផ្លូវជាតិ៦៨ ស្ថិតក្នុងភូមិថ្មី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បង្កដោយម៉ូតូ និងគោយន្ដកន្ដ្រៃ បណ្តាលជនរងគ្រោះ២នាក់(ស្រីម្នាក់) ស្លាប់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដៀប ឃុន អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង មុខរបរ ទាហ៊ានកងរថក្រោះលេខ៦៥ បានបើកម៉ូតូ Honda Dream C125 ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C-4813 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានបុកគោយន្ដពីក្រោយដែលចតស្ងៀមមួយកន្លែង បណ្ដាលឱ្យស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះ វេត សានាង ភេទស្រី អាយុ៤៨ឆ្នាំ។ សមត្ថកិច្ចបានបន្ដថា ម្ចាស់គោយន្ដកន្ដ្រៃឈ្មោះ គក់ ស្រស់ អាយុ ១៧ឆ្នាំ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការវាស់វែង ដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោង រងចាំធ្វើការដោះស្រាយតាមនីតិវិធី៕