(មណ្ឌលគិរី)៖ យុទ្ធនាការអន្ទាក់សូន្យ ជាគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ គឺជាយុទ្ធនាការជាតិសំដៅលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ ដើម្បីសង្គ្រោះជីវិតសត្វព្រៃនៅកម្ពុជា។

ជុំវិញវត្តមានសត្វព្រៃគ្រប់ប្រភេទដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនានា ត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌរបស់ប្រទេសកម្ពុជា និងជាមួយផ្នែកមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាំពិសេសវត្តមានសត្វព្រៃក៏ជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធនធានធម្មជាតិទាំងអស់ តាមរយៈវិស័យទេសចរណ៍បែបធម្មជាតិ រួមនឹងការបង្កើតផលិតផលទេសចរណ៍ផ្សេងៗ សម្រាប់បម្រើដល់ភ្ញៀវទេសចរមកកម្សាន្តក្នុងតំបន់របស់ពួកគាត់។

ជុំវិញអត្ថប្រយោជន៍នៃសត្វព្រៃនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះមិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញដោយការជួញដូរសត្វព្រៃខុសច្បាប់សុទ្ធសឹងជាមូលហេតុចម្បងៗ ដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈមមុខនឹងការបាត់បង់។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគំរាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃនា»

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា៖ «នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានល់ការអភិរក្សបន្ទាន់ និងប្រកប ដោយភាពច្នៃប្រឌិតដើម្បីចូលរួមទប់ស្កាត់កត្ដាគំរាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ ដោយសារតែការអភិរក្សមានភាពប្រសើរឡើង ជម្រក ប្រភពទឹក និងកន្លែងរកចំណី ត្រូវបានការពារ យើងសង្កេតឃើញសត្វព្រៃប្រភេទខ្លះ មានការកើនឡើងខ្លះនៅថេរ និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដី។ វិធានការដែលនឹងត្រូវអនុវត្តដើម្បីលុបបំបាត់អន្ទាក់ គឺវិធានការច្បាប់ និងវិធានការ សេដ្ឋកិច្ចនឹងត្រូវដើរទន្ទឹមគ្នា»

លោកបានបន្តថា យុទ្ធនាការនេះត្រូវបានប្រកាសចាប់ផ្តើមនៅក្នុងបណ្តាខេត្តជាច្រើនរួមទាំងខេត្តមណ្ឌលគិរីផងដែរ ដែលបានផ្តោតលើការប្រើប្រាស់វិធីសាស្រ្តប្រព័ន្ធទីផ្សារមានមេត្រីភាពចំពោះការអភិរក្សដើម្បីដោះស្រាយចំពោះវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ និងជីវចម្រុះរបស់ប្រទេសកម្ពុជា។

អ្នកនាង Andrea Pavlick នាយកស្តីទីនៃការិយាល័យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៃទីភ្នាក់ងារ USAID ប្រចាំប្រទេសកម្ពុជា បានថ្លែងថា៖ «សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍដែលផ្តល់អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន»

អ្នកនាងបានបន្តថា៖ «សហគ្រាស និងខ្សែច្រវាក់តម្លៃដែលរួមបញ្ចូលវិស័យអេកូទេសចរណ៍ធម្មជាតិ ការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងរបស់ប្រើប្រាស់ដែលមានមេត្រីភាពចំពោះការអភិរក្ស ពិតជាអាចផ្តល់នូវការជំរុញទឹកចិត្តដ៏មានឥទ្ធិពលដើម្បីដោះស្រាយវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀតដល់ជីវចម្រុះរបស់ប្រទេសកម្ពុជា»

លោក ញ៉ែម សុធន ប្រធានគ្រប់គ្រងគម្រោងកែវសីមា នៃអង្គការ WCS Cambodia បានថ្លែងថា៖ «ការគំរាមកំហែងដ៏ធំចំពោះពពួកសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ គឺការបរបាញ់ដោយមិនរើសមុខ ជាពិសេសតាមរយៈការប្រើប្រាស់អន្ទាក់លួស។ អង្គការ WCS Cambodia ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន ប្តេជ្ញាពង្រឹងវិធីសាស្រ្ត និងធនធានជាយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់សត្វខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៃខេត្តមណ្ឌលគិរី»

លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ «ស្របគ្នានេះ វិធានការរួមនឹងការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់បំផុតដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងបិទចោលនូវរាល់ទីផ្សារលក់ដូរសត្វព្រៃគ្រប់ប្រភេទ»

លោកបានបន្តថា «មធ្យោបាយសំខាន់ក្នុងការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរសត្វព្រៃ គឺដើម្បីធានាថាប្រជាជនរស់នៅក្នុង និងនៅខាងក្រៅតំបន់ការពារធម្មជាតិ អាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ ដំណោះស្រាយផ្អែកលើមូលដ្ឋានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព»

សូមជម្រាបថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការ មូលនិធិ សកល សម្រាប់ អភិរក្ស ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការ សម្ព័ន្ធ សត្វព្រៃ និង ធម្មជាតិ (Wild Earth Allies) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី ក្នុងចំណោមខេត្តគោលដៅចំនួន៦ របស់កម្ពុជា។

ខេត្តមណ្ឌលគិរីគឺជាខេត្តទី៤ នៃតំបន់ភាគខាងកើតទន្លេមេគង្គដែលបានចូលរួមរៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការ ពារធម្មជាតិដើម្បីបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់ជីវៈចម្រុះគ្រប់ប្រភេទ និងសម្រាប់មនុស្សតជំនាន់៕