(ភ្នំពេញ)៖ មុខសញ្ញាដែលតែងតែធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ កាបូបលុយតាមដងផ្លូវសាធារណៈ និងគាស់ផ្ទះលួចយកម៉ូតូ និងសម្ភារផ្សេងៗ យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៣នាក់ និងដកហូតម៉ូតូ១គ្រឿង ដែលជនទាំងនោះជិះធ្វើសកម្មភាពផងដែរ។ ក្នុងកិច្ចសហប្រតិបត្តិការនេះដែរ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងទី២៥ ដល់ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
នាយរងផ្នែកទទួលផែនយុត្តិធម៌ខណ្ឌឫស្សីកែវ លោក ម៉ៅ ចាន់ថុន បានប្រាប់ភ្នាក់ងារ Fresh News ថា ជំហ៊ានដំបូងបក្ខពួកជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច ប៉ុន្តែរត់មិនរួច និងត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ គីឡូម៉ែត្រលេខ៦ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបឃាត់ខ្លួនភ្លាមៗ ដើម្បីយកមកធ្វើការសាកសួរ។ លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួល ផែនយុត្តិធម៌ ខណ្ឌឫស្សីកែវ បានបន្តទៀតថា ក្រោយឃាត់ខ្លួនជនត្រូវសង្ស័យ ជាចោរឆក់ទាំង២នាក់ សួរនាំប៉ុន្មានម៉ោងក្រោយស្រាប់តែបែកធ្លាយរឿងគាស់ ផ្ទះប្រជាពលរដ្ឋលួចម៉ូតូរួម និងសម្ភារផ្សេងចំនួន៤លើកមកហើយជាមួយបក្ខពួកម្នាក់ទៀត នៅក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ ខណៈនោះជនត្រូវសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា កាលពីយប់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៦ថ្មីៗនេះ ពួកគេបានធ្វើ សកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតដោយយកបានម៉ូតូសង់ឌ្រីម១គ្រឿង ដើម្បីទុកជិះធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបលុយផ្សេងៗតាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវផងដែរ ។
លោក ម៉ៅ ចាន់ថុន បានបន្តថា បន្ទាប់ពីទទួលបានចម្លើយ សារភាពពីរជនត្រូវសង្ស័យទាំង២នាក់ភ្លាមកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការជាថ្មីម្ដងទៀតនាព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី អធិការរងទទួលផែនយុត្តិធម៌ខណ្ឌឫស្សីកែវលោក អ៊ីវ ឈុនផេង ព្រមទាំងមានការចូលរួមសហការពីកម្លាំងមន្ត្រីប៉ុស្ដិ៍ គីឡូម៉ែត្រលេខ៦ សហការនិងកម្លាំងមន្ត្រីប៉ុស្ដិ៍ឫស្សីកែវ បានបន្តស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនត្រូវសង្ស័យម្នាក់ទៀត ជាបក្ខពួកដែលតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទរួមនិងសម្ភារផ្សេងៗ ពីប្រជាពលរដ្ឋតាមដងផ្លូវជាពិសេស ទៅទៀតនោះមុខសញ្ញាទាំង៣នាក់នេះតែងតែធ្វើសកម្មភាពគាស់ ផ្ទះប្រជាពលរដ្ឋដើម្បីលួចម៉ូតូក្នុងពេលរាត្រីនៅក្នុងភូមិសាស្ត្រសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវតែម្ដង។ លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនត្រូវឃាត់ខ្លួន៖ទី១. ឈ្មោះហា សូដែន ភេទប្រុស អាយុ១៨ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ(ជាអ្នកឆក់) ទី២. ឈ្មោះខុន សំខាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ(ជាអ្នកឌុប) ទី៣. ឈ្មោះវន ចំរុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅ ផ្ទះលេខ៦៤០ តាមបណ្ដោយផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ រីឯជនរងគ្រោះឈ្មោះ យិន សេកលាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្កលិកក្រុមហ៊ុនTRY ស្នាក់នៅ ផ្ទះលេខ៩ផ្លូវM៤ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា ជនត្រូវសង្ស័យជាមុខសញ្ញាឆក់ និងគាស់ផ្ទះ យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ សង្កាត់គីឡូម៉ែត្តលេខ៦ទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរ បន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបណ្ដោះអាស្ន ដើម្បីរៀបចំកសាងសំនុំរឿងបន្តទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕