(ភ្នំពេញ)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួង បរិស្ថាន តំណាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាក់ព័ន្ធនានា រួមនឹងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងជាច្រើននាក់ បានចូលរួមដាំកូនឈើ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ។ សកម្មភាពដាំដើមឈើនៅថ្ងៃនេះ បានធ្វើឡើងដើម្បីស្វាគមន៍ នៃការ ប្រគំតន្ត្រី បរិស្ថាន ២០១៦ នៅពេលឆាប់ៗខាងមុខនេះ។
ប្រជាពលរដ្ឋ យុវជន និងសិស្សនិស្សិត ដែលរស់នៅក្នុងខេត្តមួយនេះ បានរួមគ្នាដាំកូនឈើ ដើម្បីបង្ហាញអំពី ឆន្ទៈក្នុងការចូល រួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។
លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ បានឲ្យដឹងថា ក្រសួងបរិស្ថាន បានរៀបចំឱ្យមាន កម្មវិធី សាលាមេត្រីបរិស្ថាន និងអារាមបរិស្ថាន ដើម្បីបញ្ជ្រាបការយល់ដឹង ផ្លាស់ប្តូរផ្នត់ គំនិតនិងឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យមានការគិតគូ និងស្រឡាញ់បរិស្ថាន។
ដូចនេះក្រសួងបរិស្ថាន សូមអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅមួយចំនួន ដូចជាការគ្រប់គ្រងការវេចខ្ចប់ និងទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីរួមចំណែកដល់កិច្ច គាំពារបរិស្ថាន និងការរស់នៅដោយចីរភាព៕