(រតនគិរី)៖ រយៈពេល៤ថ្ងៃគឺថ្ងៃទី២៦-២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចុះប្រមូលទិន្នន័យ និងវិនិច្ឆ័យក្បាលដីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធដឹកនាំដោយលោក ប៊ី ជីវន្តដារ៉ា ប្រធានការិយាល័យភូមិបាលក្រុងបានលុង បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសិល្ប៍សង្កាត់យក្សឡោមក្រុងបានលុងបានចំនួន៦៤ក្បាលដី។
លោក ប៊ី ជីវន្តដារ៉ា បានឲ្យដឹងថា ទោះបីរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំស្ទើររាល់ថ្ងៃរូបលោក និងមន្ត្រីក្រោមឱវាទចុះមកដល់តាមខ្នងផ្ទះពួកគាត់ ឲ្យចូលរួមសហការវាស់វែងក្បាលដីជាលក្ខណៈប្រព័ន្ធ ដោយមិនខ្លាចការនឿយហត់ហាលភ្លៀង ខ្យល់ហើយមិនគិតកម្រៃនោះទេ។
លោកបន្តថា ក្រោយពីប្រជាពលរដ្ឋទទួលបានឯកសារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរួចហើយនោះ វាមានសារៈសំខាន់ណាស់សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗ។ ដូច្នេះគួរតែពួកគាត់ចូលរួមទាំងអស់គ្នាដោយមន្ត្រី លោករង់ចាំ បម្រើគ្រប់ពេលវេលា ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ឲ្យឆាប់រួចរាល់ដោយមិនឲ្យបងប្អូនឡើងមកការិយាល័យអស់សោហ៊ុយនោះទេ។
ជាងនេះទៅទៀតក្រុមការងារវាស់វែងក្បាលដីចុះបញ្ជីជាលក្ខណៈប្រព័ន្ធសូមឲ្យប្រជាពលរដ្ឋរស់នៅទីតាំងខាងលើ ដែលធ្វើដំណើរទៅទីឆ្ងាយសូមត្រឡប់មកផ្ទះវិញ ដើម្បីចូលរួមជាមួយក្រុមការងារដោយភ្ជាប់មកជាមួយដូចជា អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, លិខិតកំណើតនិងសំបុត្រអាពហ៍ពិពាហ៍ជាដើម៕