(ប៉េកាំង)៖ វិចារណកថាមួយ ដែលចេញផ្សាយដោយកាសែតទីភ្នាក់ងារព័ត៌មានផ្លូវការណ៍របស់ចិន បានចំអកឡុងឡឺយដល់ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ថាជាស្ត្រី «ជ្រុលនិយម ឬរចនាបទជ្រុលនិយម» ក៏ដោយសារតែគាត់ជាមនុស្សស្រី ដែលមិនទាន់រៀបការ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែឧសភា។
នៅក្នុងវិចារណកថា ដែលចេញផ្សាយដោយសារទីភ្នាក់ងារសារព័ត៌មានស៊ិនហួ បានលើកឡើងថា លោកស្ត្រី Tsai Ing-wen ជាមនុស្សមិនទាន់រៀបការ ខ្វះភាពកក់ក្ដៅក្នុងគ្រួសារ ខ្វះអារម្មណ៍ស្និទ្ធស្នាល ជីវិតមនោសញ្ចេតនា ដូច្នេះហើយទើបគាត់ប្រកាន់គោលគំនិតជ្រុលនិយមខុសប្រក្រតី។
ជាងនេះទៅទៀត នៅក្នុងវិចារណកថា បានសរសេរថា ក្នុងមានជាអ្នកនយោបាយស្ត្រី ដែលមិនទាន់រៀបការ គឺបន្ទុកនូវផ្លូវអារម្មណ៍ច្រើន ដោយសារតែគ្មានស្នេហា ក្ដីស្រឡាញ់ គ្រួសារ ដូច្នេះគាត់នឹងបង្ហាញអារម្មណ៍របស់គាត់ទៅតាមការដឹកនាំ ដែលនាំឲ្យប្រទេសមានភាពជ្រុលនិយម។
គួរបញ្ជាក់ផងដែរថា លោក Tsai Ing-wen ទើបតែប្រកាសចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយលោកស្ត្រីគឺជាប្រធានាធិបតីដំបូងគេអង្អស់របស់តៃវ៉ាន់ និងជាប្រធានាធិបតីដែលបង្ហាញជំហខ្ពស់ក្នុងការទាមទារឯករាជពីចិន ខណៈដែលចិនបានប្រកាសនឹងប្រើកម្លាំងយោធា បើសិនជាតៃវ៉ាន់ហ៊ានប្រកាសឯករាជ៕