(ភ្នំពេញ)៖ លោក អ៊ន ខ្លង ប្រធានសាខាសមាគមមិត្តយើងប្រចាំទីក្រុងបាងកក ប្រទេសថៃឡង់ដ៏ រួមជាមួយសមាជិក សមាជិកា សមាគមសាខាក្រុងបាងកក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បាននាំយកអំណោយជាសម្ភារសិក្សាចំនួន១ពាន់ឈុតរួមមាន៖ សៀវភៅ ខ្មៅដៃ ប៊ិច ទឹកលុប ប្រដាប់ខួងខ្មៅដៃ ចែកជូនដល់សិស្សានុសិស្ស កំពុងជួបការខ្វះខាតស្ថិតក្នុងសាលាបឋមសិក្សាត្រើយឃ្លោក ស្ថិតក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ និងជួយថវិកាដល់សាលារៀនចំនួន១លានរៀល ដើម្បីចូលរួមកសាងសាលាកំពុងខ្វះខាតផងដែរ។

លោក អ៊ន ខ្លង បានលើកឡើងថា «សមាគមមិត្តយើង គ្រប់កាលៈទេសតែងតែចូលរួមក្នុងកិច្ចការសង្គម និងតែងតែគាំទ្រក្នុងការលើកកម្ពស់ចំណេះដឹង របស់យុវជនកម្ពុជា តាមរយៈការលើកកម្ពស់កម្រិតជីវភាពរស់នៅ ការផ្តល់ឱកាសការងារ ការណែនាំ និងប្រឹក្សាយោបល់ពីការសិក្សា ការប្រកបមុខរបរទាំងក្នុង និងក្រៅប្រទេស ជាពិសេសការងារសង្គម ក៏ដូចជាការងារសប្បុរសធម៌នានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ»

ប្រធានសាខាសមាគមមិត្តយើងប្រចាំទីក្រុងបាងកក បានប្តេជ្ញានឹងបន្តគាំទ្រ នឹងចូលរួមគ្រប់សកម្មភាពសង្គម ពិសេសជួយដល់សិស្សានុសិស្សដដៃទៀត ដែលកំពុងជួបការខ្វះខាតនៅតាមទីជនបទ ព្រមទាំងផ្តល់ជាព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃផងដែរ។

លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាត្រើយឃ្លោក ស្ថិតនៅ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ បានសម្ដែងនូវក្ដីរីករាយ និងសូមថ្លែងអំណរគុណ ដល់សមាគមមិត្តយើង ដែលបានឧបត្ថម្ភ ដល់សិស្សានុសិស្សកំពុងសិក្សានៅជនបទ និងមានការខ្វះខា៕