(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល។

កម្មវិធីនេះត្រូវបានធ្វើឡើង នៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ Microsoft Team ពីសំណាក់គណៈគ្រប់គ្រងសាលា សិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការី ឆ្នាំ២០២២ ទាំងអស់ នៃសាលាភូមិន្ទរដ្ឋបាល។

បើតាមលោក ព្រុំ សុខា បានឲ្យដឹងថា ភាពជាអ្នកដឹកនាំមានន័យចំនួន២ រួមមាន៖

* ១៖ ភាពជាអ្នកដឹកនាំ មានន័យថា ការប្រើប្រាស់អំណាចផ្លូវការ ឬមិនផ្លូវការ នៅក្នុងការតម្រង់ទិស និងសម្របសម្រួលការងារជាមួយអ្នកដទៃ។ លោកពន្យល់ថា អំណាចផ្លូវការ នៅពេលមនុស្សម្នាក់ ត្រូវបានតែងតាំង ឬប្រគល់ភារកិច្ច។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា បើមានតែអំណាចផ្លូវការ តែគ្មានអំណាចមិនផ្លូវការ មិនប្រាកដថាអាចដឹកនាំគេបានទេ។ ចំពោះពាក្យថា អំណាចមិនផ្លូវការ លោកបានព្យាយាមពន្យល់ជាច្រើន ពីរបៀបឲ្យបង្កើតទំនាក់ទំនងជាមួយគ្នា។

* ២៖ ភាពជាអ្នកដឹកនាំ មានន័យមួយទៀតថា មនុស្សម្នាក់ ដែលមានឥទ្ធិពលទៅលើមនុស្សមួយក្រុម ដើម្បីសម្រេចគោលដៅ។ ក្នុងន័យនេះហើយ ដែលលោកដាស់តឿន ប្រយ័ត្នមានត្រឹមតែអំណាច តែគ្មានឥទ្ធិពល ព្រោះថាអ្នកដឹកនាំម្នាក់បើណែនាំគេមិនស្រួល ដោយប្រើប្រាស់អំណាចមិនត្រឹមត្រូវ គេមិនស្តាប់នោះឡើយ។

ក្នុងឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងថា បាឋកថា គឺជាផ្នែកដ៏សំខាន់មួយក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលដំបូង និងបន្ត របស់សាលាភូមិន្ទរដ្ឋបាល ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់សិស្សមន្ត្រី-កម្មសិក្សាការី ព្រមទាំងមន្ត្រីរាជការ អំពីចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍លើការងារកំណែទម្រង់ និងការអនុវត្តគោលនយោបាយសាធារណៈ តាមរយៈការចែករំលែកដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

លោកបានឲ្យដឹងថា សាលាភូមិន្ទរដ្ឋបាល គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ បានបណ្តុះបណ្តាល សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមធ្យម សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់- មន្ត្រីគ្រប់គ្រងរដ្ឋបាល- មន្ត្រីមធ្យម- មន្ត្រីក្រមការ ព្រមទាំងសិក្ខាកាមវគ្គខ្លី និងមន្ត្រីក្របខណ្ឌថ្មី សរុបចំនួន ១៦៦០៦នាក់ (ស្រី ៣៨០៧នាក់ ស្មើនឹង ២៣%)៕