(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារ ឱ្យមានផែនការច្បាស់លាស់ និងស្តាប់នូវរបាយការណ៍វឌ្ឍនភាពទាក់ទងនឹងការដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅតាមបណ្តាក្រុងស្រុកទាំង ៩ ដែលបានកើតមានឡើងនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

លោក ងួន រតនៈ បានជំរុញលោកអភិបាលក្រុងស្រុកទាំងអស់ ជាប្រធានគណៈកម្មការសុរិយោដីក្រុងស្រុក ត្រូវតែបណ្តុះបណ្តាលវគ្គជំនាញដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការបន្ថែមទៀត បន្តសហការជាមួយយន្តការថ្នាក់ខេត្ត ខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ ជាបញ្ហាអទិភាព ក្នុងចំណោមបញ្ហាអទិភាព ធ្វើការងារជាប្រចាំ ត្រូវមានវិធានការក្នុងការដោះស្រាយឲ្យបានច្បាស់លាស់។

លោកបន្តទៀតថា សំណុំរឿងខ្លះរដ្ឋបាលខេត្តកំពង់ធំ ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ សំណុំរឿងខ្លះទៀតទទួលបានលិខិតពីក្រសួងមហាផ្ទៃ ដែលប្រជាពលរដ្ឋផ្ញើសារចូលក្នុងផេកសម្ដេចក្រឡាហោម។

លោកបន្ថែមទៀតថា ករណីសំណុំរឿងទាំងអស់នេះ រដ្ឋបាលខេត្តកំពង់ធំ បានចាត់ចែងបន្តបញ្ជូនដីកាទៅតាមមន្ទីរជំនាញ រដ្ឋបាលក្រុងស្រុក ឲ្យធ្វើការដោះស្រាយ និងមានកំណត់ហេតុបំភ្លឺច្បាស់លាស់។ លោកបញ្ជាក់បន្ថែមទៀតថា ក្នុងករណីសំណុំរឿងក្តីណាមួយមានបញ្ហាប្រឈម សូមរាយការណ៍មករដ្ឋបាលខេត្ត ដើម្បីស្នើសុំគោលការណ៍ណែនាំពីថ្នាក់ដឹកនាំខេត្តបន្តទៀត ទៅតាមគោលបំណងនៃពាក្យបណ្ដឹង ឬក៏ប្រភេទនៃពាក្យបណ្ដឹង៕