(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ជុង ណាក់សាម (Chung Naksam) អនុព័ន្ធយោធាបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯក Park Suman នាយអនុព័ន្ធយោធាថ្មីនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបានបំពេញបេសកកម្មការទូតយោធារយ:ពេល២ឆ្នាំនៅកម្ពុជា។
នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ បានសម្តែងការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតរបស់លោកវរសេនីយ៍ឯក ជុង ណាក់សាម ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។
សន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានមកពីនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ចប់នូវសង្គ្រាមរ៉ាំរ៉ៃ ជាង៣ទសវត្ស ពិតជាមានអត្ថន័យធំធេងសម្រាប់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោមានប្រសាសន៍ថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូងចាប់ផ្ដើមយឺតពេល ប៉ុន្តែកំពុងដើរលើផ្លូវត្រូវ។
សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមចំពោះចំណងមិត្តភាព នឹងត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ និងស្ពាន ក្រោមជំនួយរបស់កូរ៉េខាងត្បូង កើតចេញពីទំនាក់ទំនងការទូតដ៏ល្អរវាង ប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការវិស័យយោធា៖
*សាធារណៈរដ្ឋកូរ៉េ បានជួយឧបត្ថម្ភលើផ្នែកសន្តិសុខជាតិ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, ការផ្តល់រថយន្តគ្រឿងចក្រ ដែលបម្រើឱ្យការងារវិស្វកម្ម, អូប័រ, ឆ័ត្រយោង រួមនឹងសម្ភារការិយាល័យជាច្រើនទៀត។
*ទទួលយកនិស្សិតនាយទាហានកម្ពុជាទៅបណ្តុះបណ្តាលជាច្រើននាក់ ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងយោធាចារ្យសាកលវិទ្យាល័យការពារជាតិជាច្រើននាក់ បានការបណ្តុះបណ្តាលពីកូរ៉េ បាននិងកំពុងបង្រៀន និងបានក្លាយជាថ្នាក់ដឹកនាំនៅទីនេះ។
ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យការពារជាតិ៖
*ខ្ញុំចងចាំមិនភ្លេច ការទទួលស្វាគមន៍ប្រតិភូយើងខ្ញុំនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១១ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតសម្រេចបានការចុះហត្ថលេខាលើ MOU រវាងសាកលវិទ្យាល័យការពារជាតិកម្ពុជា និងសាកលវិទ្យាល័យការពារជាតិកូរ៉េ
*ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅទីនេះខ្ញុំបានទទួលប្រតិភូនិស្សិតនាយទាហានបញ្ញាការសេនាធិការ២៥រូប នៃសាកលវិទ្យាល័យការពារជាតិកូរ៉េ ដែលបានមកបំពេញទស្សនកិច្ចសិក្សា។
*ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ខ្ញុំបានទទួលជួបសំណេះសំណាលជាមួយឧត្តមសេនីយ៍ឯក សឿង ហូ វី (SEUNGHO WEE) អនុរដ្ឋមន្ត្រីទទួលនយោបាយក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉ នៅទីនេះ
*យោធាចារ្យទាំងអស់សុទ្ធសឹងមានបទពិសោធន៍ និងទទួលបានការបណ្ដុះបណ្ដាលពីក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសប្រទេសកូរ៉េ ជាបងប្អូនដែលមានមុខទីនេះ។
*អរគុណ យោធាចារ្យ ជាជនជាតិកូរ៉េ ចំនួន០២រូប បានជួយដល់ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យការពារជាតិ
*ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិ សូមទទួលស្វាគមន៍និស្សិតនាយទាហានកូរ៉េ ២រូប មកសិក្សាភាសាខ្មែរនៅឆ្នាំ២០២៣។
ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់
*សុំថ្លែងអំណរគុណ និងសូម អបអរសាទរ លោកវរសេនីយ៍ឯក Naksam Chung នាយអនុព័ន្ធយោធា ចាស់បានបញ្ចប់បេសកកម្មដោយជោគជ័យ.
*សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកវរសេនីយ៍ឯក Park Suman នាយអនុព័ន្ធយោធាថ្មីនៃសាធារណរដ្ឋកូរ៉េ។ ហើយតាមរយៈលោកអនុព័ន្ធយោធាថ្មីនេះ កងទ័ពនៃប្រទេសយើងទាំងពីរ នឹងបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ រឹងមាំការជួយបង្កើនសមត្ថភាពដល់កងយោធពលខេមរភូមិន្ទឲ្យកាន់តែរីកចម្រើន ជាពិសេស ចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដល់សាកលវិទ្យាល័យការពារជាតិ យើងខ្ញុំ។
សូមជូនពរចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរស្ថិតស្ថេរ រីកចម្រើនរឹងមាំ។ នៅក្នុងឱកាសនោះ វរសេនីយ៍ឯក ជុង ណាក់សាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ ដែលបានផ្ដល់ការគាំទ្រ កិច្ចសហការកក់ក្តៅ និងមានចំណាប់អារម្មណ៍ចំពោះសាធារណរដ្ឋកូរ៉េ។
លោកវរសេនីយ៍ឯក ជុង ណាក់សាម បានរំលេចពីទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងនោះសាកលវិទ្យាល័យការពារជាតិ នៃប្រទេសទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នា, បានធ្វើការផ្លាស់ប្ដូរទស្សនកិច្ច រវាងគណៈប្រតិភូប្រទេសទាំងពីរ រួមនឹងកិច្ចសហការលើការងារ បណ្តុះបណ្តាល ធនធានមនុស្ស កំពុងបន្តដល់បច្ចុប្បន្ន ជាពិសេស ថ្លែងអំណរគុណដល់សាកលវិទ្យាល័យការពារជាតិកម្ពុជា ដែលបានទទួលមន្ត្រីយោធាកូរ៉េ ឲ្យចូលសិក្សាភាសាកម្ពុជា នៅសាកលវិទ្យាល័យការពារជាតិ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ កន្លងមក។
លោកវរសេនីយ៍ឯក អនុពន្ធយោធាកូរ៉េ សង្ឃឹមជឿជាក់ថា អ្នកបន្តវេនពីលោក នឹងបន្តខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ(កម្ពុជា-កូរ៉េ)ឲ្យកាន់តែល្អប្រសើររឹងមាំថែមទៀត៕