(ភ្នំពេញ)៖ ប្រជាពលរដ្ឋ៣២០គ្រួសារ រស់នៅអមសង្ខាងលើអតីតផ្លូវរថភ្លើងរយៈពេលជាង២០ឆ្នាំ ដែលរងផលប៉ះពាល់ដល់ការស្ថាបនាអភិវឌ្ឍទៅជាផ្លូវបេតុង គោលបំណងបញ្ជៀសរាល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរក្នុងសង្កាត់ទួលសង្កែ សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ពេលនេះពួកគាត់បានទទួលការចាប់ឆ្នោតយកដីឡូត៍សម្រាប់រស់នៅស្របច្បាប់ហើយពីអាជ្ញាធររាជធានីភ្នំពេញ។
សកម្មភាពប្រជាពលរដ្ឋចំនួន៣២០គ្រួសារ ចាប់ឆ្នោតទទួលយកដីឡូត៍ប្រទានកម្មរបស់អាជ្ញាធរសម្រាប់រស់នៅស្របច្បាប់នេះ (រើសំណង់ចេញពីអតីតផ្លូវរថភ្លើងទៅរស់នៅអមសង្ខាងប្រឡាយអូរវែង) បានរៀបចំឡើងដោយក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ និងការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទខណ្ឌដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ថិតនៅក្នុងវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
លោក ឯក ឃុនដឿន បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់លោក ឃួង ស្រេង និងរៀបចំស្ថាបនាផ្លូវដែក (ស្ថាបនាអតីតផ្លូវរថភ្លើងឱ្យទៅជាផ្លូវបេតុង) ដើម្បីបញ្ជៀសរាល់ការកកស្ទះចរាចរណ៍ និងសម្រួលដល់ការ ធ្វើដំណើរផ្សេងៗ កាន់តែប្រសើរឡើង ក្រោយពីបងប្អូនប្រជាពលរដ្ឋចំនួន៣២០គ្រួសារ រស់នៅរងផលប៉ះពាល់លើផ្លូវដែកនេះ បានយល់ព្រមចាប់ឆ្នោតទទួលយកដីឡូត៍គ្រប់ៗគ្នា និងសូមថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានណែនាំដល់អាជ្ញាធរឲ្យរៀបចំជូនប្រជាពលរដ្ឋទាំងនេះ៕