(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធាគណៈកម្មាធិការអនុសាខា លោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះសាកសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនដល់ជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកមានជំងឺរុំារ៉ៃសរុបចំនួន២០គ្រួសារដែលរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីដែលងាយឆ្លងលឿន ដោយបន្តចូលរួមអនុវត្តវិធានការ៣ការពារនិង៣កុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យបានខ្ជាប់ខ្ជួន។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗ រួមមាន អង្ករ២៥គីទ្បូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ម៉ាស១កញ្ចប់ ជេល១ដប និងថវិកាចំនួន២ម៉ឺនរៀល។
បន្ទាប់ពីផ្តល់អំណោយរួច ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌបានទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះបញ្ញាសំវ យូរ ភួង ព្រះចៅអធិការវត្តនួនមណីរាម ហៅវត្តថាន់)។ ព្រះបញ្ញាសំវ យូរ ភួង ព្រះចៅអធិការវត្ត បានមានព្រះថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។
ជាការឆ្លើយតប លោក ថេង សុថុល បានពាំនាំសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសូមថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់អនុសាខាខណ្ឌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ក្នុងមូលដ្ឋាន។
លោកប្រធានអនុសាខាបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ក្នុងនោះបច្ច័យដែលបានទទួលមានចំនួន៧,៥០០,០០០រៀល៕