(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបួងសួង ដល់បរិវេណផ្ទាំងចម្លាក់ រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ ដែលនឹងដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មារ នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

សូមរំលឹកថា ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះ ត្រូវបានជនខិលខូចលួចយកពីប្រាសាទបន្ទាយឆ្មារ ទៅលក់នៅបរទេស នៅក្នុងសម័យសង្គ្រាម។ ប៉ុន្តែដោយមានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃកម្ពុជា មន្រ្តីជំនាញបានយកផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះត្រឡប់មកវិញ ដោយរក្សាទុកនៅក្នុងសារមន្ទីរជាតិ ចន្លោះឆ្នាំ១៩៩៨-១៩៩៩។

បច្ចុប្បន្នះដោយមានការគាំទ្រពីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ជាស្ថាបនិកជួសជុលប្រាសាទបន្ទាយឆ្មារ និងលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី និងញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ ប្រារព្ធនូវកម្មវិធីបុណ្យ ដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមនី្ទរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យនៅថ្ងៃស្អែកនេះ ដើម្បីបំពេញបន្ថែមនៅចន្លោះដែលបានបាត់ នៅប្រាសាទបន្ទាយឆ្មារ។ ម៉្យាងទៀតក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងសោភ័ណ្ឌភាពរបស់ខេត្តបន្ទាយមានជ័យបន្ថែមមួយកម្រិតទៀត៕