(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទទួលឥស្សរិយយសដោយផ្ទាល់ពីព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រទី១៦ នៃប្រទេសម៉ាឡេស៊ី ព្រះនាម Yang di-Pertuan Agong XVI Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah Ibni Almarhum Sultan Haji Ahmad Shah Al-Musta'in Billah សព្វព្រះរាជហឫទ័យជ្រើសរើស លោកបណ្ឌិត អូស្មាន ហាស្សាន់ ជាឥស្សរជនឆ្នើម (Tokoh Ma'al Hijrah) ប្រចាំឆ្នាំ ១៤៤៤ ម.ស ត្រូវនឹងឆ្នាំ ២០២២ គ.ស។

ព្រះអង្គ នឹងផ្តល់នូវគ្រឿងឥស្សរិយយស និងព្រះរាជអំណោយជូន លោកបណ្ឌិត អូស្មាន ហាស្សាន់ ដោយផ្ទាល់ នៅរាត្រីថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្រាប់ការផ្ដល់ជូនឥស្សរិយយសចំពោះ ឥស្សរជនឆ្នើម (Tokoh Ma'al Hijrah) ជារៀងរាល់ឆ្នាំក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មីឥស្លាម ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ីសព្វព្រះរាជហឫទ័យជ្រើសរើសចេញពីឥស្សរជនដ៏ឆ្នើម ចំនួន២រូបប៉ុណ្ណោះលើពិភពលោក ដោយមួយរូបជាឥស្សរជនក្នុងប្រទេស និងមួយរូបទៀតជាឥស្សរជនបរទេស (អន្តរជាតិ)។

សូមរំលឹកថា នៅឆ្នាំ២០១៩ ព្រះមហាក្សត្រម៉ាឡេស៊ី សព្វព្រះរាជហឫទ័យប្រទានដល់ឥស្សរជន ប្រទេសអារ៉ាប់រួមអេម៉េរ៉ាត, ឆ្នាំ២០២០ ប្រទានដល់ឥស្សរជនប្រទេស អេហ្ស៊ីប ដែលជាអតីតរដ្ឋមន្ត្រី ក្រសួងសាសនា និងនៅឆ្នាំ២០២១ កន្លងទៅនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យជូនទៅ Shiekh Dr. Muhammad Bin Abdulkarim Al-Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម និងជាទីប្រឹក្សាព្រះមហាក្សត្រព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៕