(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក និងលោកស្រី ឈិន សាវី ចៅសង្កាត់គោកចក រួមទាំងតំណាងអ្នកសារព័ត៌មានរួមអាជីព បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលទទួលបានពីសប្បុរសជនមួយចំនួនយកមកឧបត្ថម្ភជូនដល់លោក ងិន គឹមឡេង ភ្នាកងារទូរទស្សន៍ (BTV) ប្រចាំខេត្តសៀមរាប ដែលធ្លាក់ខ្លួនឈឺស្លាប់មួយចំហៀងខ្លួនអស់រយ:ពេលជិត៥ខែ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ កំពុងជួបការខ្វះខាតលើជីវភាពយ៉ាងខ្លាំង ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្នុងក្រុងសៀមរាប។
សកម្មភាពមនុស្សធម៌នេះធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះសម្ភារ:អំណោយរួមមានថវិកាចំនួន១លាន៥៨ម៉ឺនរៀល ក្នុងនោះ៤៥ម៉ឺនរៀល រួមជាមួយអង្ករ៥០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ១យួរ ជាអំណោយផ្ទាល់របស់ចៅអធិការវត្តប្រាសាទគោកចក។
មួយចំណែកទៀតបានពីការរ៉ៃអង្គាស៍ ដោយលោក យូ វង្ស ភ្នាក់ងារ TVK ពីសប្បុរសជន គឺលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យចំនួន១០០ដុល្លារ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបចំនួន១៥ម៉ឺនរៀល លោក ហ្វីលីព កៅ ប្រធានសមាគមទេសចរណ៍កម្ពុជាខេត្តសៀមរាប (STC) ចំនួន៥០ដុល្លារ លោក ជា ពិសិដ្ឋ ម្ចាស់ភោជនីយដ្ឋានសាតាអង្គរ និងភីហ្សារ៉ូម៉ាចំនួន២៥ដុល្លារ លោកឧត្តមសេនីយ៍ត្រី ប៊ុន ថារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន២៥ដុល្លារ រួមនិងលោក កែវ សុផាត ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តសៀមរាប និងលោក ឃុត សៅ ភ្នាក់ងារទូរទស្សន៍ហង្សមាសប្រចាំខេត្តសៀមរាបចំនួន១០ម៉ឺនរៀល សរុបថវិការសប្បុរសជនមួយក្រុមនេះបានចំនួន២០០ដុល្លារ និង២៥ម៉ឺនរៀល។
ភរិយារបស់លោក ងិន គឹមឡេង បានសម្តែងនូវក្តីត្រេកអរលាយឡំជាមួយភាពទុក្ខព្រួយ ដោយសារស្វាមីបានធ្លាក់ខ្លួនឈឺជំងឺលើសសំពាធឈាម និយាយមិនចេញ និងដើរមិនរួចអស់រយៈពេលជិត៥ខែមកហើយៗ គ្រួសារគ្មានអ្វីទីពឹងនោះទេ។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសប្បុរសជនជិតឆ្ងាយ និងបានផ្តល់ឱវាទឱ្យខិតខំមើលថែអ្នជំងឺទៅតាមលទ្ឋភាព និងកុំបីមានក្តីអស់សង្ឃឹមអ្វីឡើយ។ ព្រះអង្គមានសង្ឃដីកាថា សម្ភារៈអំណោយ និងថវិកាបន្តិចបន្តួចនេះ បើត្បិតតែមិនអាចយកទៅប្រើប្រាស់លើកិច្ចការធំៗបានក្តី តែជាចំណែកតូចមួយជួយរំឡែកការលំបាកបានមួយគ្រាៗដែរ នេះជាការចូលរួមចំណែកចែករំលែកទៅតាមលទ្ឋភាពដែលអាចធ្វើបាន ក្នុងសកម្មភាពការងារមនុស្សធម៌របស់ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមចំណែកជួយសម្រួលការលំបាក និងភាពខ្វះខាតរបស់គ្រួសារ ពោលគឺយើងជួយគ្នាក្នុងគ្រាលំបាក។
ព្រះអង្គបានសម្តែងនូវក្តីសោកស្តាយជាមួយក្រុមគ្រួសារ និងលើកទឹកចិត្តដល់ភរិយា និងក្រុមគ្រួសារ ជួយមើលថែអ្នកជំងឺឱ្យឆាប់ជាសះស្បើយដោយការប្រឹងប្រែងអត់ធ្មត់ ស៊ូទ្រាំជាមួយការលំបាក សព្វសារពើ បើមានភាពខ្វះខាតផ្នែកអង្ករ ឬគ្រឿងទេសព្រះអង្គ និងបន្តជួយឧបត្ថម្ភតាមរយៈការអំពាវនាវពីសប្បុរសជិតឆ្ងាយថែមទៀត៕