(មណ្ឌលគិរី)៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការគាំទ្រពី គម្រោងរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ USAID មរតកបៃតង និងអង្គការដៃគូក្នុងកិច្ចសហការផ្សេងៗទៀត បានរួមគ្នារៀបចំយុទ្ធនាការអន្ទាក់សូន្យក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានដែលទទួលបម្រើភ្ញៀវទេសចរ។
យុទ្ធនាការអន្ទាក់សូន្យ រៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយបានរៀបចំឡើងជាសន្និសីទសារព័ត៌មាន និងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ រៀបចំឡើងជាយុទ្ធនាការអន្ទាក់សូន្យ ដែលបានដើរដង្ហែជាក្បួន។
ក្នុងយុទ្ធនាការអន្ទាក់សូន្យនេះ អង្គការ WCS រួមសហការជាមួយប្រជាសហគមន៍ក្នុងភូមិគោលដៅបានរៀបចំដាក់តាំងបង្ហាញផងដែរនូវសមិទ្ឋិផលរបស់សហគមន៍ក្នុងតំបន់កាពារធម្មជាតិដែលផលិតដោយបងប្អូនជនជាតិដើមភាគតិចស្ថិតក្រោមការអនុវត្តគម្រោងរេដបូក (REDD+) ស្ដីពីកម្មវិធីលើកស្ទួយជីវភាពប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ធលគិរី ដែលជាផ្នែកមួយក្នុងការងារចូលរួមកាត់បន្ថយការដាក់សម្ពាធការចូលព្រៃប្រើប្រាស់ធនធានធម្មជាតិហួសប្រមាណ ជាពិសេសគឺការបបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វព្រៃ។
យុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី ដែលជាខេត្តគោលដៅចំនួន៦ ដើម្បីបញ្ឈប់ការដាក់អន្ទាក់ គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ក្នុងទិសដៅអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស សម្រាប់កូនចៅតជំនាន់ និងដើម្បីលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិទាំងអស់ទូទាំងប្រទេសកម្ពុជា។
នេះជាលើកទី៥ ដែលយុទ្ធនាការអន្ទាក់សូន្យត្រូវបានរៀបចំឡើង ក្នុងចំណោម៨ យុទ្ធនាការ ដែលយុទ្ធនាការទី១ បានរៀបចំឡើងដោយក្រសួងបរិស្ថាននៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ។ យុទ្ធនាការទី២ រៀបចំឡើងនៅខេត្តស្ទឹងត្រែង រៀបចំដោយអង្គការ WWF និងយុទ្ធនាការទី៣, រៀបចំដោយអង្គការ WCS នៅខេត្តព្រះវិហារ ដែលទើបតែបញ្ចប់ថ្មីៗនេះ និងលើកទី៤ នៅខេត្តក្រចេះ ដែលរៀចំឡើងដោយអង្គការអភិរក្សអន្តរជាតិ (CI)។
គោលដៅចម្បងនៃ «យុទ្ធនាការអន្ទាក់សូន្យ» ត្រូវបានធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤រួមមាន៖
*ទី១៖ កត្តាគំរាមគំហែងដែលបង្កឡើងដោយការដាក់អន្ទាក់
*ទី២៖ ភាពចាំបាច់ នៃការពង្រឹងការអនុវត្តច្បាប់ដោយប្រសិទ្ធភាពនៅក្នុងតំបន់ការពារ
*ទី៣៖ សារៈសំខាន់នៃការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ
*ទី៤៖ ចូលរួមសហការរួមគ្នាជាមួយអាជ្ញាធរអនុវត្តច្បាប់នៅថ្នាក់ខេត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។
ជាមួយគ្នានឹងការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរីនេះ មានម្ចាស់ភោជនីយដ្ឋានមួយចំនួន បានចេញមកប្រកាស និងប្តេជ្ញាមិនយកសាច់ព្រៃដើម្បីធ្វើម្ហូបជូនភ្ញៀវពិសារជាដាច់ខាត។ ក្រៅពីម្ចាស់ភោជនីយដ្ឋានទាំងនេះ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងបណ្តាសហគមន៍នានា បានសន្យានឹងពាំនាំការយល់ដឹងរបស់ខ្លួនពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ និងសត្វជីវិតសត្វព្រៃ ជូនដល់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ខ្លួនផងដែរ។
នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណអង្គការដៃគូទាំងនេះដែលបានប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការអន្ទាក់សូន្យ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ ក្រសួងបរិស្ថាន ក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ការទទួលខុសត្រូវ និងក្នុងស្មារតីភាពជាដៃគូ និងគោរពគ្នាទៅវិញទៅមក។ នេះគឺជាការបង្ហាញពីភាពចាស់ទុំនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូដើម្បីបុព្វហេតុរួមគឺបរិស្ថាន ធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក នេត្រ ភក្ត្រា បន្តអំពាវនាវដល់បុគ្គលគ្រប់រូបនៅក្នុងប្រទេសកម្ពុជាឱ្យ និយាយថា «ទេចំពោះការទិញលក់ ឬបរិភោគសាច់សត្វព្រៃ»។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «ក្រសួងបរិស្ថាន សូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចសហការរួមគ្នាល្អពីសំណាក់អង្គការដៃគូទាំងអស់ក្នុងការរៀបចំ និងអនុវត្តយុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តស្ទឹងត្រែង, ព្រះវិហារ និងខេត្តក្រចេះ ដោយជោគជ័យ ហើយដែលព្រឹត្តិការណ៍ទាំងអស់ នោះពិតជាបានពញ្ញាក់ស្មារតី និងចំណាប់អារម្មណ៍របស់សាធារណៈជនទូទៅ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យចង់ស្វែង យល់បន្ថែមអំពីយុទ្ធនាការនេះ ខណៈពេលប្រជាជន និងអ្នកពាក់ព័ន្ធមួយចំនួនបានចាប់ផ្តើមចូលរួមផ្សព្វផ្សាយបន្ត»។