(ភ្នំពេញ)៖ អង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងបញ្ហា សុខភាពសាធារណៈ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារសាន់វេ ដើម្បីបញ្ជាក់ពីការងារតាមដានរបស់ខ្លួន ជុំវិញការអនុវត្តអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងការជួញដូរ ផលិតផលថ្នាំជក់នៅកម្ពុជា លើក្រុមហ៊ុនផលិត និងនាំចូលបារី។
តាមអនុក្រឹត្យលេខ១៤៩ ធនក្រ.បក ដែលចេញកាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៥ បានកំណត់ឲ្យឧស្សាហករថ្នាំជក់ និងអ្នកនាំចូល ចែកចាយ ផលិតផលថ្នាំជក់គ្រប់ប្រភេទនៅកម្ពុជា ត្រូវបោះពុម្ពសារព្រមានសុខភាព ជារូបភាព និងជាភាសាខ្មែរនៅកញ្ចប់បារីដោយ អនុវត្តន៍ចាប់ពីដំណាច់ខែកក្កដា ឆ្នាំ២០១៦តទៅ ហើយប្រសិនបើមិនអនុវត្តន៍តាមសេចក្តីសម្រេចនេះទេ ក្រុមហ៊ុនទាំងនោះនឹងត្រូវ ផាកពិន័យ។
លោកវេជ្ជបណ្ឌិត មុំ គង់ មកពីអង្គការចលនា ដើម្បីសុខភាព បានបញ្ជាក់ថា គោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ឲ្យក្រុមហ៊ុន ផលិត និងនាំចូលបារី ធ្វើការបោះពុម្ពសារព្រមាននៅលើកញ្ចប់បារី សម្ភារៈវេចខ្ចប់បារី ត្រូវដាក់រូបភាព៥០% និងជាអក្សរ៥% សរុប ទាំងអស់គឺ៥៥% នៃកញ្ចប់បារី ហើយត្រូវតែបោះពុម្ពនៅផ្នែកខាងលើ នៃកញ្ចប់បារី ទាំមុខទាំងក្រោយ និងមានភាពងាយស្រួល មើល ច្បាស់លាស់ មិនហើរពណ៌ មិនរលុប និងមិនត្រួតលើគ្នា។
លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា បើតាមអនុក្រឹត្យ ចាប់ពីក្រោយខែកក្កដា ឆ្នាំ២០១៦ទៅ ប្រសិនបើបុគ្គលណា ដែលល្មើសនឹងទទួល ពិន័យ សម្រាប់ឧស្សាហករ អ្នកនាំចូលដែលអត់បានបោះពុម្ពសារព្រមានត្រូវផាក់ពិន័យ៤ ០០០ ០០០រៀល អ្នកចែកចាយពិន័យ ២ ០០០ ០០០រៀល និងអ្នកលក់វិញ ត្រូវផាក់ពិន័យ១០០០០រៀល។
លោកបញ្ជាក់ទៀតថា ការដាក់បំរាមនេះ ផ្ដល់អត្តប្រយោជន៍ជាច្រើន ដោយអាចកាត់បន្ថយការជក់បារី អប់រំដល់អ្នកជក់បារីនៅពេល ដែលគាត់បានមើលឃើញការដាក់បំរាមនេះ គាត់នឹងដឹងថា ប្រសិនបើគាត់បន្ដនៅការជក់បារីនោះនឹងត្រូវប្រឈមមុខជម្ងឺទាំឡាយ ដូចជា ជំងឺមហារីក និងមួយវិញទៀត ដើម្បីទប់ស្កាត់ការជក់បារីរបស់កុមារ និងយុវជន។
សូមជម្រាបថា ការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងថ្នាំជក់ បង្កឲ្យកើតជំងឺជាច្រើនដូចជា មហារីកមាត់ មហារីសួត មហារីកបំពង់ក រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដាក់សរសៃឈាមខួរក្បាល រលូតកូន ជាដើម ដោយក្នុង១ឆ្នាំៗ ប្រជាពលរដ្ឋកម្ពុជា ១ម៉ឺននាក់បានស្លាប់ ដោយសារជក់បារី៕