(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ក្រសួងមហាផ្ទៃនឹងខិតខំ ស្វែងរកឧបករណ៍ ចាប់ល្បឿនស្វ័យប្រវត្តិ ដើម្បីដាក់បំពាក់តាមដងផ្លូវ សម្រាប់ពិន័យលើអ្នកបើកបរហួសល្បឿនកំណត់។
លោកអះអាងថា ឧបករណ៍នេះ ខុសពីឧបករណ៍សម្រាប់ចាប់ល្បឿនដែលកម្ពុជាកំពុងមានសព្វថ្ងៃ ព្រោះឧបករណ៍ដែលកម្ពុជា មានពេលនេះ គឺប្រើមនុស្សសម្រាប់ចុចបញ្ជាចាប់ល្បឿនរថយន្ត ដែលបើកមកជិតសមត្ថកិច្ចប៉ុណ្ណោះ។
ក្នុងពិធីចែករថយន្តពន្លត់អគ្គិភ័យ ១១៣គ្រឿង ជូនដល់បណ្តាស្នងការដ្ឋាននគរបាលតាមបណ្តាខេត្ត នៅអគ្គស្នងការដ្ឋាននគរបាល នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ សម្តេចក្រឡាហោម បានថ្លែងថា «បន្តិចទៀត យើងនឹងខំរក (បានពេលណាខ្ញុំមិនទាន់ដឹង នៅឡើយទេ) រកឧបករណ៍ដើម្បីចាប់ល្បឿន ឥឡូវយើងក៏មានដែរប៉ុន្តែយើងប្រើមនុស្សដើម្បីចាំចុចយក ប៉ុន្តែឧបករណ៍មួយទៀត ដាក់ងាប់នៅតាមផ្លូវ មើលមុខមនុស្សក៏ច្បាស់ មើលលេខឡានក៏ច្បាស់ មើលកុងទ័រក៏ច្បាស់»។
របាយការណ៍ប្រចាំថ្ងៃ របស់នគរបាលចរាចរ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ជារៀងរាល់ថ្ងៃ ក្នុងនោះមានកត្តា ជាច្រើនដែលបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ របាយការណ៍ បានបង្ហាញថា នៅឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៤៥៩៥ លើកក្នុងនោះ បណ្តាលអោយស្លាប់ចំនួន ២២៦៥ នាក់ គិតជាមធ្យមក្នុង១ ថ្ងៃស្លាប់លើ ឬក្រោម៦ នាក់ ៕