(កោះកុង)៖ នគរបាល នៃអធិការដ្ឋានក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានចុះឆែកឆេរទៅលើរថយន្ត ១គ្រឿង មិនមានស្លាកលេខ ត្រូវគេយកទុកចោល រយៈពេលប្រហែល២ខែមកហើយ ដោយដីល្បាប់ហូរពីភ្នំលុបកង់ដល់ពាក់កណ្តាល តែម្តង។ រថយន្តដែលគេយកទៅប្លុងចោលនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ស្ថិតនៅជិតជ្រោះតាប៉ន ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក សៀល ដារ៉ា អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភានេះថា បើតាមការសន្និដ្ឋានរថយន្តខាងលើ នេះ មិនដឹងម្ចាស់នៅទីណា មានឈ្មោះអីនោះទេ ហើយអ្នកបើករថយន្តខាងលើនេះ យកទៅទុកចោល ប្រហែលជាង២ខែមកហើយ។
លោកបានបន្តទៀតថា សមត្ថកិច្ចទទួលព័ត៌មាននេះ ពីប្រជាពលរដ្ឋ ពេលពួកគាត់ទៅដកផ្សិត។ ពេលគាត់ឃើញ១ថ្ងៃហើយ១ថ្ងៃទៀត គាត់មានចម្ងល់ក៏ទៅរាយការណ៍ជូន សមត្ថកិច្ចរបស់លោក ពេលនោះលោកក៏រាយការណ៍ ជូនលោកស្នងការសុំយោបល់ដើម្បីទៅ ត្រួតពិនិត្យ ដល់គោលដៅស្រាប់តែឃើញជាក់ស្តែង មានរថយន្តដូចប្រជាពលរដ្ឋ រាយការណ៍ពិតប្រាកដមែន។ ឥឡូវនេះ លោកអធិការក្រុង បានយកមករក្សាទុកនៅអធិការដ្ឋានក្រុង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តដើម្បីរកមូលហេតុពិត និងម្ចាស់រថយន្តផងដែរ៕