(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាព Fresh News បានចេញផ្សាយព័ត៌មានបែកធ្លាយជុំវិញភាពមិនប្រក្រតី ក្នុងមន្ទីរសុខាភិបាលត្បូងឃ្មុំ ដោយមន្រ្តីសុខាភិបាល ទារប្រាក់៥ពាន់ដុល្លារ ពីមន្រ្តីពេទ្យជាប់កិច្ចសន្យា ជាថ្នូរនឹងការទទួលបានក្របខណ្ឌរបស់រដ្ឋ។
ជុំវិញបញ្ហានេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី២៦ ខែឧសភានេះថា លោកព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត និងតាមផ្លូវច្បាប់ចំពោះ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំណាមួយ ដែលហ៊ានទាមទារប្រាក់៥ពាន់ដុល្លារ ពីមន្រ្តីពេទ្យជាប់កិច្ចសន្យា ជាថ្នូរនឹងការទទួលបានក្របខណ្ឌរបស់រដ្ឋ។ ព្រោះមន្រ្តីពេទ្យជាប់កិច្ចសន្យា នឹងត្រូវដាក់បញ្ចូលក្នុងក្របខណ្ឌរបស់ក្រសួងដោយឥតគិតថ្លៃ។
លោករដ្ឋមន្រ្តីសុខាភិបាល បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា «អ្នកស៊ី និងអ្នកសូក ត្រូវទទួលទោសតាមផ្លូវច្បាប់ដូចគ្នា ហើយមន្រ្តីជំនាញនឹង បើកការស៊ើបអង្កេតលើករណីនេះ នឹងមិនឲ្យមានករណីទារប្រាក់ពីមន្រ្តីពេទ្យជាប់កិច្ចសន្យានោះជាដាច់ខាត»។
សូមជំរាបថា នៅថ្ងៃនេះមន្រ្តីជាប់កិច្ចសន្យាមួយរូប សុំមិនបញ្ចេញឈ្មោះបានអះអាងប្រាប់អង្គភាព Fresh News ក្នុងខ្សែអាត់សម្លេងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានរដ្ឋបាលនៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានយកលិខិតមួយច្បាប់ឱ្យមន្រ្តីជាប់កិច្ចសន្យានានា បំពេញសម្រាប់ការបញ្ចូលទៅក្របខណ្ឌ ក្រសួងសុខាភិបាល ហើយឱ្យពួកគេបង់លុយ៥ពាន់ដុល្លារ ដើម្បីទទួលបានក្របខណ្ឌនោះ។
ប្រភពខាងលើបាននិយាយទៀតថា ក្របខណ្ឌដែលផ្តល់ដោយក្រសួងសុខាភិបាល មានកំណត់ ចំណែកបុគ្គលិកជាប់កិច្ចសន្យាជំនាញ សុខាភិបាលនៅទូទាំងប្រទេសមានច្រើន ដូច្នេះបើនរណាមិនបង់តាមការទាមទារ របស់ផ្នែករដ្ឋបាលមន្ទីរទេនោះ នឹងមិនមានឈ្មោះឡើង ទៅយកក្របខណ្ឌនៅក្រសួងឡើយ។ ប៉ុន្តែបើអ្នកមានលុយវិញ ទោះជាមិនមែនជាមន្រ្តីក្របខណ្ឌក៏ដោយ ក៏ពួកគេដាក់បញ្ចូលដែរ ដោយគ្រាន់តែបង់ប្រាក់លើសមន្រ្តីជាប់កិច្ចសន្យា ២-៣ពាន់ដុល្លារប៉ុណ្ណោះ។
សូមជំរាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញលិខិតមួយ ដោយបង្គាប់ឱ្យប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត បញ្ជូនបញ្ជីឈ្មោះមន្រ្តីជាប់កិច្ចសន្យាជំនាញសុខាភិបាលរបស់ខ្លួន ដើម្បីឱ្យក្រសួងបញ្ចូលទៅក្នុង ក្របខណ្ឌរបស់ក្រសួងសុខាភិបាល និងរៀបចំបៀវត្សជូនសាមីខ្លួន។
នៅក្នុងលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពក្នុងការបន្ថែម ក្របខណ្ឌចំនួន៣៦៨៩កន្លែង ដល់ក្រសួងសុខាភិបាល ហើយថាបញ្ជីឈ្មោះមន្រ្តីជំនាញសុខាភិបាលជាប់កិច្ចសន្យាត្រូវរៀបចំឱ្យបានរួចរាល់ បញ្ជូនឱ្យក្រសួង យ៉ាងយូរត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបញ្ចូលទៅក្នុងក្របខណ្ឌ៕