(កំពត)៖ ខេត្តកំពត និងខេត្តគៀនយ៉ាង ប្រទេសវៀតណាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តរវាងខេត្តកំពត, កម្ពុជា ជាមួយខេត្តគៀនយ៉ាង, វៀតណាម។

កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងខេត្តគៀងយ៉ាង ដឹកនាំដោយ លោក ឡឹម មិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសារធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ថា អនុវត្តតាមស្មារតីសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) លើកទិសដៅដែលលើកឡើង ក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីរគណៈកម្មាធិការប្រជាជន ខេត្តគៀនយ៉ាង ប្រទេសវៀតណាម កន្លងមក។ ភាគីទាំងពីរបានព្រមព្រៀងគ្នាជារៀងរាល់ឆ្នាំ នឹងរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ រយៈពេលមួយឆ្នាំ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំបន្ត។

កិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) ដែលបានខកខាន រយៈពេល ២ឆ្នាំ ជាប់គ្នា ដោយសារការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តទាំងពីរត្រូវអនុវត្តទៅតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដោយមិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំ។

ស្ថានភាពនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ រដ្ឋបាលខេត្តកំពត និងគណៈកម្មាធិការប្រជាជន ខេត្តគៀនយ៉ាង បានឯកភាពគ្នា តាមរយៈលិខិតលេខ ១៣៣/២២ សជណ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពត និងលិខិតលេខ៤៨៨/CT-VP ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ របស់គណៈកម្មាធិការ ប្រជាជនខេត្តគៀនយ៉ាង ស្តីពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋខេត្តទាំងពីរ (កំពត-គៀនយ៉ាង) បានចេញ-ចូលឆ្លងដែន តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក-ហាទៀន ច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់-យ៉ាងថាញ់ និងត្រូវអនុវត្តតាមវិធានការការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការចេញ-ចូលឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងសងខាង និង ការដោះដូរទំនិញត្រឡប់មកប្រក្រតីភាពឡើងវិញ។

ទន្ទឹមនេះកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ (កំពត-គៀនយ៉ាង) នឹងធ្វើការបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការរយៈពេល បីឆ្នាំ(២០១៩-២០២១) និងលើកទិសដៅ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំបន្ត៕