(ឧត្តរមានជ័យ)៖ អាជ្ញាធរក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២២នេះ បានចេញសេចក្តីជូនដំណឹងមួយឲ្យម្ចាស់កាន់កាប់អចលនវត្ថុ២រូប ដែលមានដីឡូត៍នៅសង្ខាងផ្លូវហើយធ្វើរបងយកបន្លាលួស បិទផ្លូវសាធារណៈ រហូតផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ ត្រូវរុះរើចេញវិញជាបន្ទាន់ដោយអាជ្ញាធរ ទុករយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះ។

រដ្ឋបាលក្រុងសំរោង បានជម្រាបជូនដណឹងដល់បុគ្គលពីររូបរួមមាន៖ ឈ្មោះ ឡុង សុងពីវ និងឈ្មោះ ស៊ាប រ៉ានី ជាម្ចាស់ អចលនទ្រព្យកាន់កាប់ដីឡូត៍សងខាងផ្លូវ បានរួមគ្នាធ្វើការបិទផ្លូវ ដែលជាហេតុធ្វើឲ្យ មានប្រតិកម្មយ៉ាងខ្លាំងពី គ្រប់មជ្ឈដ្ឋានពិសេស គឺប្រជាពលរដ្ឋក្នុងតំបន់ ដែលពួកគាត់ធ្លាប់ធ្វើចរាចរណ៍លើដងផ្លូវ នេះកន្លងមក។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ បានអះអាងថា កំណាត់ផ្លូវដែលត្រូវបានបិទនេះ កាលពីជាង១៥ឆ្នាំមុន ជាផ្លូវថ្មើរជើងអាចបើកគោយន្តកន្ត្រៃយ៍បាន ហើយម្ចាស់ដីសងខាងផ្លូវឈ្មោះ ឡុង សុងពីវ និងឈ្មោះ ស៊ាប រ៉ានី បានសម្បទានដីនេះម្នាក់ម្ខាងៗ ចំនួន៣ម៉ែត្រ ដើម្បីពង្រីកផ្លូវឲ្យធំទូលាយ។ លុះឆ្នាំបន្ទាប់ៗ មកផ្លូវនេះ អាជ្ញាធរ បានធ្វើការអភិវឌ្ឍចាក់ដីក្រួសក្រហម លុះតម្លៃដី នៅតំបន់នេះកាន់តែមានតម្លៃឡើងខ្ពស់ភាគីម្ចាស់ដីទាំងពីរ ដែលបានផ្តល់សម្រាប់ធ្វើផ្លូវនោះ បានប្រែក្រឡះយកដី ម្ខាង៣ម៉ែត្រនោះ មកធ្វើរបស់ខ្លួនវិញ នឹងបានសង់របងបិទផ្លូវ ថែមទៀត។

បន្ថែមពីនេះអាជ្ញាធរក្រុងសំរោង បានបញ្ជាក់ដល់បុគ្គលទាំងពីររូប ដែលបានធ្វើរបងបិទផ្លូវត្រូវធ្វើការអនុវត្តន៍ជាបន្ទាន់ ក្នុងការរុះរើរបង ដែលស្ថិតនៅលើដងផ្លូវ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ «ប្រាំពីរ ថ្ងៃ» ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ សាធារណៈជាប្រក្រតីឡើងវិញ។ ករណីលោក លោកស្រី មិនព្រមសហការ ក្នុងការរុះរើបើកផ្លូវនេះឡើងវិញនោះទេ អាជ្ញាធរ មានសមត្ថកិច្ចនឹងអនុវត្តន៍វិធានការទៅតាមច្បាប់ជាធរមាន៕