Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរធម្មការខេត្តស្វាយរៀង អំពាវនាវដល់អាជ្ញាធរ និងសប្បុរសជន ជួយបង្កលក្ខណៈងាយស្រួល និងឧបត្ថម្ភដល់ព្រះសង្ឃឱ្យបានបន្តការសិក្សា

28-07-2022 16:06

(ស្វាយរៀង)៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់សប្បុរសជន ជួបង្កលក្ខណៈងាយស្រួលដល់ ព្រះសង្ឃ ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភ គាំទ្រដល់ព្រះសង្ឃដែលកំពុងសិក្សាទៅតាមសទ្ធាជ្រះថ្លា និងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពក្នុងការសិក្សារៀនសូត្របន្តទៀត។

លោក ទីវ សុភា បានលើកឡើងដូចនេះ នាឱកាសដែរលោក និងសហការី បាននាំនូវទេយ្យទាន និងថវិកា ប្រគេនព្រះគ្រូចៅអធិការវត្តសំរោងពេជ្រ ដើម្បីផ្គត់ផ្គង់ជីវភាព សមណសិស្ស ដែលកំពុងសិក្សារៀនសូត្រនៅសាលាពុទ្ធិកសិក្សាវត្តសំរោងពេជ្រ ស្ថិតនៅឃុំស្វាយយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។

លោក ទីវ សុភា បានបន្តថា ការជួយឧបត្ថម្ភដល់ព្រះសង្ឃនាពេលនេះ ទោះបីមិនច្រើនមែនតែក៏អាចជួយសម្រាលចង្ហាន់ព្រះសង្ឃបានមួយគ្រាផងដែរ ម្យ៉ាងទៀតក៏ជា បុណ្យកុសលដ៏ធំធេង ហើយនេះក៏ជាការឧបត្ថម្ភ និងផ្ដល់ឱកាសទៅដល់កូនកសិករខ្វះខាត ដែលលោកបានបួស និងមករៀន ដើម្បីមានសមត្ថភាពមានចំណេះដឹង ចូលរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិផងដែរ។

លោក ទីវ សុភា ក៏បានណែនាំ ដល់សមណសិស្សទាំងអស់ត្រូវស្រឡាញ់ការសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា និងកុំខ្ជិលច្រអូស ត្រូវឧស្សាព្យាយាម ដើម្បីសម្រេចប្រយោជន៍ដែលខ្លួនមានសេចក្តីប្រាថ្នា ចង់ចេះ ចង់ដឹង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សារៀនសូត្រ និងត្រូវគោរពឱ្យបានហ្មត់ចត់នូវម៉ោងសិក្សា របស់ខ្លួន ក្នុងទិសដៅសម្រេចឱ្យបានចប់តាមកម្មវិធីសិក្សា ប្រកបដោយគុណភាព និងមានចំណេះដឹងពិតប្រាកដ។

សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនរួមមាន៖ អង្ករ១០០គីឡូក្រាម មីម៉ាម៉ា២កេស ខកំប៉ុង២ឡូ ភេសជ្ជៈ៤កេស ទឹកសុទ្ធវីតាល់២កេស និងថវិកាសរុប ៣០០.០០០រៀលផងដែរ៕