(បាត់ដំបង)៖ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា មន្រ្តីរបស់លោក និងមន្រ្តីពាណិជ្ជកម្ម បានចុះដកហូតទឹកអាស៊ីតរូបទន្សាយ ដែលប្រើជំនួសទឹកខ្មេះ បានមួយចំនួនដែលលួចនាំចូល និងដាក់លក់នៅតាមទីផ្សារ និងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងទឹកដីស្រុកភ្នំព្រឹកជាប់ព្រំដែនប្រទេសថៃ។
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះតាមទីផ្សារ និងតាមលំនៅដ្ឋានរបស់ពលរដ្ឋអាជីវករ លក់ដូរនៅក្នុងស្រុកភ្នំព្រឹក ដើម្បីដើររកមើលទឹកខ្មេះរូបទន្សាយក្រហម ជាផលិតផលនាំចូលមកពីប្រទេសថៃ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ក្រុមការងារ បានចុះត្រួតពិនិត្យ និងប្រមូលបានទឹកខ្មេះរូបទន្សានក្រហម ដែលកន្លងមកនេះក្រុមអាជីវករយកលក់ និងប្រជាពលខ្លះទៀតទិញយកមកប្រើធ្វើជាជ្រក់ ឬ ម្ជូរ ផ្សេងៗព្រោះវាងាយក្នុងការធ្វើឲ្យម្ហូបឆាប់ជូរហ័សទាន់ចិត្តដើម្បីលក់និងបរិភោគខ្លួនឯងទៀតផង។លោក ហាក់ សុខរិន បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងខ្វះ ការយល់ដឹងពីផលប៉ះពាល់មុខម្ហូប ឬមុខទំនិញណា ប៉ះពាល់ដល់សុខភាព និងគ្មានគុណភាព មុននិងទិញត្រូវមើលឲ្យបានច្បាស់លាស់។ ដូច្នេះហើយមន្ត្រីយើងតែងតែខិតខំអនុវត្ត ធ្វើការណែនាំដល់ក្រុមអាជីវករ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផងដែរ»។ លោកបានបន្តថា បច្ចុប្បន្ននេះដែរក្រុមអាជីវករយើង ភាគច្រើនបានប្រើទឹកខ្មេះ រូបទន្សាយក្រហមនាំពីប្រទេសថៃជំនួសទឹកខ្មេះផ្សេងទៅវិញ តែចំពោះទឹកខ្មេះនេះ គឺផលិតនៅប្រទេសថៃ គេហៅថាទឹកអាស៊ីត គេប្រើសម្រាប់តែក្នុងវិស័យសិប្បកម្ម ឧស្សាហកម្មប៉ុណ្ណោះ។ លោកបានបន្តទៀតថា «ចំណែកក្រុមអាជីវករខ្មែរយើងវិញ បានយកទឹកខ្មេះរូបទន្សាយក្រហម មកធ្វើជាជ្រក់ស្ពៃ ជ្រក់ត្រកួន និងម្ជូរផ្សេងៗ សម្រាប់ធ្វើម្ហូបអាហារ ហើយលក់ទៅឲ្យភ្ញៀវ និងខ្លួនឯងមកបរិភោគ ពីព្រោះទឹកខ្មេះរូបទន្សាយនេះ វាងាយនិងមានជាតិជូឆាប់រហ័ស ឆាប់យកទៅលក់តាមទីតាំងរបស់ខ្លួន»។
ក្រៅពីការដកហូតទឹកអាស៊ីតរូបទន្សាយ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង ក៏បានរឹបអូសបានផលិតផលម្ហូបអាហារខូចគុណភាព និងហួសរយៈពេលប្រើប្រាស់មួយចំនួនទៀតរួមមាន ៖ ទឹកក្រូចដប ធំ តូច ទឹកដោះគោ ត្រីខកំប៉ុង និងស្រាបៀរផងដែរ។ សូមបញ្ជាក់ថា ទឹកខ្មេះរូបទន្សាយនេះ គេហៅថា ជាទឹកអាស៊ីតរូបទន្សាយ ដែរខ្មែរយើងកំពុងពេញនិយមប្រើប្រាស់ ជំនួសទឹកខ្មេះ ហើយទឹកអាស៊ីតរូបទន្សាយ ត្រូវបានច្បាប់ប្រទេសកម្ពុជា ហាមឃាត់មិនឱ្យនាំចូល ពីព្រោះវាបង្កប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដល់អ្នកបរិភោគ ហើយបង្កប៉ះពាល់ មានជម្ងឺ ក្រពះ ពោះវៀន ថ្លើម ប្រម៉ាត់ តម្រងនោម និងអាចឈានដល់កើតជម្ងឺមហារីក ស្លាប់បាត់បង់ជីវិតផងដែរ៕