(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាធិបតីក្នុងពិធីលែងកូនត្រីពូជ នៅអាងទឹកអូរមាន ឃុំមានជ័យ ស្រុកសណ្ដាន់។
ក្នុងឱកាសប្រារព្ធពិធីលែងកូនត្រីពូជ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្ននេះ កំណើនប្រជាពលរដ្ឋ ក៏ដូចជាកំណើនប្រជានេសាទ ដែលរស់នៅជុំវិញបឹងទន្លេសាប ក៏មានការកើនឡើងយ៉ាងឆាប់រហ័សបានដាក់ សម្ពាធយ៉ាងធ្ងន់បន្ថែមទៀត ធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផល និងធនធានធម្មជាតិផ្សេងៗទៀត ដែលស្ថិតនៅតែជាឧបសគ្គចម្បងក្នុងការធ្វើឲ្យបានសម្រេចតាម ផែនការប្រើប្រាស់ អភិវឌ្ឍធនធានជលផល និងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះលោក ងួន រតនៈ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់ខណ្ឌរដ្ឋបាលជលកំពង់ធំ ចំនួន៧ចំណុច រួមមាន៖
*១-បន្តការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធនឹងវិស័យជលផលឲ្យបានទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀតដល់ស្រទាប់ប្រជាជនក្នុងមូលដ្ឋាន
*២-បន្តការងារបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពថែមទៀត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានកងកំលាំង ប្រដាប់អាវុធ មន្ទីរអង្គភាពពាក់ព័ន្ធ បន្តកិច្ចការការពារ អភិរក្សធនធានជលផលឲ្យបានល្អប្រសើរ ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងរាយការណ៍មកខេត្ត ឲ្យបានទាន់ពេលវេលា
*៣-បំផុសការអភិវឌ្ឍវាវីវប្បកម្ម ដោយត្រូវជំរុញការបង្កាត់ផ្លាស់ពូជត្រី ដើម្បីចែកជូនប្រជាពលរដ្ឋចិញ្ចឹម បង្កើនប្រាក់ចំណូលដល់កសិករ និងជួយកាត់បន្ថយការធ្វើនេសាទត្រីក្នុងដែនទឹកធម្មជាតិ
*៤-ខិតខំពង្រឹងសមត្ថភាពដល់ សហគមន៍នេសាទដែល បានបង្កើតឡើងរួចហើយឲ្យបានរឹងមាំ ដើម្បីក្លាយជាសហគមន៍នេសាទដែលគ្មានបទល្មើសជលផល និងខិតខំបង្កើតស្រះជម្រកត្រីសហគមន៍ ឲ្យបានគ្រប់ឃុំនៅទូទាំងខេត្ត។ ក្រៅពីនេះ ក៏ត្រូវជំរុញបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទ ឲ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត ដោយមិនត្រូវពឹង អាស្រ័យតែលើធនធានជលផលមួយមុខនោះឡើយ
*៥-ថែរក្សាបង្គោលព្រំប្រទល់កន្លែងអភិរក្សដែលបានបោះរួចឲ្យបានល្អ ព្រមទាំងធ្វើសកម្មភាពការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព
*៦-អាជ្ញាធរស្រុក ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការឲ្យបានម៉ឹងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹកនិងការពារព្រៃលិចទឹកឲ្យបានគង់វង្ស ពីព្រោះព្រៃលិចទឹកមានសារសំខាន់បំផុត ដល់អាយុជីវិតនៃវិស័យជលផលទាំងមូល
*៧-បន្តដាំព្រៃលិចទឹកឲ្យបានច្រើនលើដីត្រូវបានដកហូតពីការទន្ទ្រាន ដើម្បីស្តារព្រៃលិចទឹកឡើងវិញ។
លើសពីនេះទៀតលោក ងួន រតនៈ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើឧបករណ៍នេសាទល្មើសច្បាប់ ក្នុងការធ្វើនេសាទជាពិសេសឧបករណ៍ឆក់ និងស្បៃមុង៕