(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា បានសេចក្តីប្រកាសគាំទ្រ ការអនុម័តរបស់រដ្ឋសភាជាតិលើសេចក្តីព្រាងវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិ។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
គណបក្សយុវជនកម្ពុជា បានមើលឃើញថា មាត្រាមួយចំនួនដែលវិសោធនកម្មនោះ បានតម្រូវឱ្យថ្នាក់ដឹកនាំកំពូលជាតិមានសញ្ញាតិតែមួយ គឺចំណុចយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជនបរទេសមកត្រួតត្រាប្រទេសកម្ពុជាយើង និងទប់ស្កាត់បានពួកបរទេសឡើងកាន់អំណាចក្នុងស្ថាប័នកំពូលប្រទេសកម្ពុជារបស់យើង ជាហេតុនាំកម្ពុជាបាត់បងភាពជាម្ចាស់ប្រទេសខ្លួនឯង ក្នុងន័យនេះ គណបក្សយុវជនកម្ពុជា សូមគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្ម នុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៕